ឥណ្ឌូនេស៊ីកំពុងតែតាក់តែងច្បាប់តម្រូវឱ្យក្រុមហ៊ុនបណ្ដាញសង្គមចែកប្រាក់ចំណូលឱ្យក្រុមហ៊ុនព័ត៌មានក្នុងស្រុក

អាជ្ញាធរ​ឥណ្ឌូនេស៊ី​កំពុង​តែ​តាក់តែង​ច្បាប់​មួយ ដែល​តម្រូវ​ឱ្យ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​ដូច​ជា ក្រុមហ៊ុន​ Facebook ឬ ក្រុមហ៊ុន​ Google ចរចា​ជាមួយ​ក្រុមហ៊ុន​ព័ត៌មាន ឬ ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​​នៅ​ក្នុង​ស្រុក ដើម្បី​បែងចែក​ប្រាក់​ចំណូល​ឱ្យ​មាន​ភាព​យុត្តិធម៌។

ច្បាប់​នេះ​មាន​ទំនោរ​ស្រដៀង​នឹង​អូស្ត្រាលី​ដែរ ដោយ​អូស្ត្រាលី​បាន​អនុម័ត​ច្បាប់​នេះ កាល​ពី​ខែ​មីនា​កន្លង​ទៅ ប៉ុន្តែ​បើ​តាម​បទ​ពិសោធន៍​អូស្ត្រាលី ក្រុមហ៊ុន​ព័ត៌មាន​ធំៗ​បាន​នាំ​គ្នា​ទៅ​ចរចា​ជាមួយ​ Facebook ឬ Google បាន​មុន​ ដោយ​ទុក​ឱ្យ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​តូចៗ​នៅ​ត្រដាបត្រដួស​ដង្ហោយ​ជំនួយ​ពី​រដ្ឋាភិបាល និង​មហាសេដ្ឋី​នានា។

បើ​យោង​តាម​សេចក្ដី​ព្រាង​ច្បាប់​ ដែល​រ៉យទ័រ​ទទួល​បាន​ ក្រៅ​ពី​តម្រូវ​ឱ្យ​អង្គភាព​ព័ត៌មាន និង​ក្រុមហ៊ុន​បណ្ដាញសង្គម​ធំៗ​ចរចា​ជាមួយ អង្គភាព​ព័ត៌មាន​ក្នុង​ស្រុក ខាង​អាជ្ញាធរ​ក៏​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​យក្ស​ទាំងនោះ​ជួយ​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ផង​ដែរ។ សេចក្ដីព្រាង​នេះ​នៅ​ដំណាក់​កាល​តាក់តែង​នៅ​ឡើយ ហើយ​មិន​ទាន់​បញ្ជូន​ទៅ​សភា​នោះ​ទេ។

លោក Wenseslaus Manggut ប្រធាន​សមាគម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឥណ្ឌូនេស៊ី​បាន​ប្រាប់​រ៉យទ័រ​ថា ច្បាប់​នេះ​មាន​គោលដៅ​ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​ការ​បែងចែក​ប្រាក់​ចំណូល​សមរម្យ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ណា​ ដែល​ផលិត​ព័ត៌មាន​ល្អៗ។ អ្នក​មក​ពី​ក្រសួង​ទំនាក់ទំនង​របស់​ឥណ្ឌូនេស៊ី​បាន​ឱ្យ​ដឹង​ថា គេ​នៅ​មិន​ទាន់​ច្បាស់​ថា សេចក្ដីព្រាង​នេះ​នឹង​បង្កើត​ចេញ​ជា​ច្បាប់​មួយ​ដាច់​ដោយឡែក ឬ ដាក់​បញ្ចូល​នៅ​ក្នុង​ច្បាប់​ដែល​មាន​ស្រាប់​នោះ​ទេ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner