វិសាខា និងព្រះខ័នរាជស្វាយរៀង ប្រជែងជើងឯកពានរង្វាន់សម្តេចតេជោ រដូវកាល ២០២១

ក្រុមការពារម្ចាស់ដំណែងជើងឯកឆ្នាំ២០២០ត្រូវជួបប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀង ដណ្តើមម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៥ ប្រចាំរដូវកាល ២០២១ ខណៈ បឹងកេត និងភ្នំពេញក្រោន ប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅកីឡដ្ឋានស្មាត អ.អេស.អិន។


នៅវេលាម៉ោង៣រសៀលថ្ងៃនេះ ក្រុមបឹងកេតប៉ះជាមួយភ្នំពេញក្រោន ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ ហើយនៅវេលាម៉ោង៦ល្ងាច គូផ្តាច់ព្រ័ត្រ គឺក្រុមជើងឯកឆ្នាំចាស់ វិសាខា ត្រូវប៉ះជាមួយព្រះខ័នរាជស្វាយរៀង។ មុនឡើងមកប្រកួតដណ្តើមជើងឯកនេះ គឺវិសាខាបានយកឈ្នះ បឹងកេត ដោយលទ្ធផល ២ទល់១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈព្រះខ័នរាជស្វាយរៀងបានវាយបកយកឈ្នះភ្នំពេញក្រោន ៣ទល់២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។


ដូច្នេះទាំងគូដណ្តើមចំណាត់ថ្នាក់លេខ៣ និងគូដណ្តើមជើងឯក សុទ្ធតែជាការប្រកួតជក់ចិត្តដូចៗគ្នា ដោយដណ្តើមលេខ៣ គឺភ្នំពេញក្រោនជាក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ខណៈបឹងកេត គឺជាអតីតម្ចាស់ដំណែងឯកឯកលីគកំពូល ២០២០ ប៉ុន្តែបានត្រឹមចំណាត់ថ្នាក់លេខ៥ នៅរដូវកាល ២០២១នេះ។

ចំពោះគូប្រកួតដណ្តើមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង គឺជាក្រុមចំណាត់ថ្នាក់លេខ២ ស្របពេលវិសាខា ជាក្រុមលេខ៣ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១ ដោយទើបបញ្ចប់កាលពីសប្តាហ៍មុន៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner