សម្ដេចតេជោអបអរសាទរខួបទី១៦ឆ្នាំនៃការដាក់បញ្ចួលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា
ល្ខោនស្រមោលស្បែកធំរបស់កម្ពុជាដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី២៥វិច្ឆិកាឆ្នាំ ២០០៥ បានគំរប់ខួប១៦ឆ្នាំហើយ គិតត្រឹមថ្ងៃព្រហស្បត្តិ៍នេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរក្នុងហ្វេស ប៊ុកជាផ្លូវការថានៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺជាខួបទី១៥ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការ យូណេស្កូ។ ល្ខោនស្បែកធំ ឬ «ណាំងស្បែកធំ» គឺជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពី ស្បែក មកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មណ៍សាសនា។ ល្ខោនស្បែកធំ គឺជាសិល្បៈមួយដែលបានកើតឡើង នៅពេល មានព្រហ្មសាសនាចូលមកក្នុងទឹកដីខ្មែរ។ សិល្បៈប្រភេទនេះ កាលពីដើម ត្រូវបានគេឃើញសម្តែងក្នុងពិធីតែពីរ ឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយកម្រសម្តែងជាសាធារណៈណាស់។ ពិធីទាំងនោះ មានដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីគ្រងរាជ្យ ឬក្នុងពិធីរៀបសក្ការៈរបស់ឥស្សរជនល្បីៗតែប៉ុណ្ណោះ ។ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងក្នុងហ្វេសប៊ុក លើកទឹកចិត្តឲ្យកូនខ្មែរគ្រប់ៗរូប ត្រូវមានភារកិច្ច កិច្ចការពារបេ តិកភណ្ឌវប្បធម៌របស់ខ្មែរ៕