លោក ហ៊្វូមីអូ គីស៊ីដា៖ ជប៉ុននឹងបញ្ចេញប្រេងឆៅពីស្តុកបម្រុង ដើម្បីតបតាមសំណើរបស់សហរដ្ឋអាមេរិក
តូក្យូ៖ រដ្ឋាភិបាលជប៉ុនកំពុងចាត់វិធានការមិនធ្លាប់មានពីមុនមក ក្នុងការបញ្ចេញ ប្រេងបម្រុងថ្នាក់ជាតិរបស់ខ្លួន ដើម្បីជាការឆ្លើយតបនឹងសំណើរបស់រដ្ឋបាលលោក ចូ បៃដិន។
ជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសប្រើប្រាស់ថាមពលសំខាន់ៗជាច្រើន រួមទាំងសហរដ្ឋអាមេរិកផងដែរ ដែលធ្វើដូចគ្នានេះដើម្បីដោះស្រាយជាមួយនឹងការឡើងតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ។ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ៊្វូមីអូ គីស៊ីដា បានប្រាប់ក្រុមអ្នកយកព័ត៌មានថា យើងកំពុងធ្វើការងារជាមួយសហរដ្ឋអាមេរិក ដើម្បីរក្សាស្ថិរភាពទីផ្សារប្រេងអន្តរជាតិ ហើយយើងបានសម្រេចចិត្តចូលរួមជាមួយអាមេរិកក្នុងការលក់ផ្នែកខ្លះនៃប្រេងបម្រុងថ្នាក់ជាតិរបស់យើង ក្នុងរបៀបមួយដែលនឹងមិនផ្ទុយទៅនឹងច្បាប់ប្រេងបម្រុងជាធរមានរបស់ជប៉ុន។ ទន្ទឹមនេះ លោក គីស៊ីដា បានបន្ថែមថា រូបលោកក៏នឹងបន្តបញ្ចុះបញ្ចូលប្រទេសផលិតប្រេងនានាអោយជួយប្រយុទ្ធប្រឆាំងនឹងកំណើនតម្លៃប្រេងខ្ពស់ផងដែរ។
ការអះអាងបែបនេះរបស់លោក គីស៊ីដា ធ្វើឡើងបន្ទាប់ពីរដ្ឋបាលរបស់លោក ចូ បៃដិន ទើបប្រកាសថា អាមេរិកនឹងបញ្ចេញស្តុករាប់លានបារ៉ែលពីស្តុកប្រេងយុទ្ធសាស្រ្តរបស់ខ្លួន ដោយមានការសម្របសម្រួលជាមួយប្រទេសចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន និងអង់គ្លេស ដើម្បីព្យាយាមទម្លាក់តម្លៃប្រេងឆៅដែលកំពុងកើនឡើង បន្ទាប់ប្រទេសផលិតប្រេងធំៗក្នុងពិភពលោកបានព្រងើយកន្តើយទៅនឹងការអំពាវនាវរបស់លោកឱ្យមានការផ្គង់ផ្គង់ប្រេងឆៅបន្ថែមទៅក្នុងទីផ្សារ៕ ប្រភព៖ NHK និង Reuters
Japan’s Prime Minister Fumio Kishida speaks to media as he annnouces that the government would release some of its oil reserves in concert with the United States, at his official residence in Tokyo, Japan November 24, 2021. Mandatory credit Kyodo/via REUTERS