សម្ដេចតេជោ បានរំលេចខ្លឹម សារសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៉ី-អ៉ឺរ៉ុប លើកទី១៣ រយៈពេលពេញ១ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១

ភ្នំពេញ៖ ក្រោយពីបានបើកកិច្ចប្រជុំកំពូលអាស៉ី-អ៉ឺរ៉ុប លើកទី១៣ រយៈពេលពេញ១ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរុបជាសង្ខេប ដើម្បីបិទកិច្ចប្រជុំពេញអង្គទី១ ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ASEM ដែលបានថ្លែងបទអន្តរាគមន៍ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ នៅក្នុងកិច្ចប្រជុំពេញអង្គទី១ របស់យើងនាថ្ងៃនេះ។ ខ្ញុំមានសុទិដ្ឋិនិយម ថា លទ្ធផលដែលកើតចេញពីកិច្ចប្រជុំនេះ គឺពិតជាធាតុចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណ សម្រាប់ចូល រួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM របស់យើង។

សម្ដេចតេជោ ហ៊ុន សែន បានរំលេចខ្លឹម សារសំខាន់ៗ ដូចខាងក្រោម៖

1- យើងសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លង មក។ យើងក៏បានប្តេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជម្រុញពហុភាគី និយម និងអភិបាលកិច្ចសកល ដែលយើងកាន់តែត្រូវការដើម្បីដោះស្រាយបញ្ហាប្រឈមរួម។

2- អង្គប្រជុំក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះពហុភាគីនិយម ដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។ ពិតណាស់ ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា គឺជាគោលការណ៍នាំផ្លូវសម្រាប់ពហុភាគីនិយម។

3- យើងបានលើកឡើងអំពីបញ្ហាប្រឈមដែលមិនធ្លាប់កើតមានពីមុនមក ដោយបណ្តាលមកពីជំងឺកូវីដ-១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ច-សង្គម។ ដើម្បីដោះស្រាយ បញ្ហាប្រឈមទាំងអស់នេះ យើងបានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការ ជំរុញវ៉ាក់សាំងពហុភាគីនិយម គឺជាកូនសោរគន្លឹះ។ ដូច្នេះ ការការពារសុខភាព និងសន្តិសុខរបស់ ប្រជាជន ក៏ដូចជាការលើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងរដ្ឋ គួរតែជាអាទិភាពរបស់យើង។

4- ការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ គឺជាអាទិភាពរួមរបស់យើងទាំងអស់គ្នា ក្នុងន័យនេះ យើងបាន សម្តែងការគាំទ្រចំពោះការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ និងប្តេជ្ញាការពារខ្សែច្រវ៉ាក់ ផ្គត់ផ្គង់ ដោយរលូន និងគ្មានការរាំងស្ទះ ក៏ដូចជាជំរុញនូវឌីជីថលូបនីយកម្ម និងពិនិត្យមើលលទ្ធភាពន ការបើកឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។

5- យើងភាគច្រើនក៏បានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍបៃតង និងកម្រិតកាបូនទាប ដើម្បីរក្សាកម្រិតការកើន ឡើងកម្ដៅផែនដីមិនឱ្យលើសពី អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី ១.៥ អាកាសធាតុ។ ក្នុងន័យនេះ ការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍ ត្រូវតែជា អាទិភាពមួយ។

6- ជាចុងក្រោយ យើងបានឯកភាពគ្នាថា រយៈពេល ២៥ ឆ្នាំកន្លងទៅនេះ បានផ្តល់នូវមូលដ្ឋានរឹងមាំ មួយដល់ភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងការបោះជំហានទៅមុខ ឆ្ពោះទៅរកអនាគតមួយ ដែលភ្លឺថ្លាជាងមុន មានបរិយាប័ន្នជាងមុន និងធន់ជាងមុន ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner