គណៈប្រតិភូសភាអាមេរិក ធ្វើទស្សនកិច្ច នៅកោះតៃវ៉ាន់ ស្ថិតក្រោមក្រសែភ្នែករបស់ចិន

តៃប៉ិ៖ មេដឹកនាំនៃក្រុមគណៈប្រតិភូសមាជិកសភាអាមេរិកទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់បានសរសើរកោះនេះថា ជា “កងកម្លាំងសម្រាប់ភាពល្អ” នៅលើពិភពលោក ក្នុងអំឡុងជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីនវិន នៅក្នុងថ្ងៃ សុក្រ សប្តាហ៍នេះ ហើយបានបន្ថែមថា ស្ថិតក្រោមទំនាក់ទំនងរបស់លោកស្រី តៃ្ស ជាមួយសហរដ្ឋអាមេរិកមានផលិតភាពច្រើនជាងក្នុងទសវត្សរ៍កន្លងទៅ។

សមាជិកចំនួន ៥រូបមកពីសភាតំណាងរាស្រ្តបានមកដល់កោះតៃវ៉ាន់ តាមយន្តហោះយោធាអាមេរិក កាលពីយប់ថ្ងៃ ព្រហស្បតិ៍ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលនេះជាដំណើរទស្សនកិច្ចលើកទីពីរនៅក្នុងខែនេះ និងលើកទីបីនៅក្នុងឆ្នាំនេះ។ ថ្លែងក្នុងជំនួបជាមួយលោកស្រី ត្សៃ នៅការិយាល័យរបស់លោកស្រីផ្ទាល់ លោក Mark Takano ប្រធានគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជាអ្នកដឹកនាំគណៈប្រតិភូ bipartisan បាននិយាយថា ពួកគេស្ថិតនៅក្នុងតំបន់ដើម្បីរំលឹកដៃគូ និងសម្ព័ន្ធមិត្តថា ការទទួលខុសត្រូវរួមគ្នាចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងសុវត្ថិភាព គឺនៅតែរឹងមាំខ្លាំងក្លាជាងពេលណាៗទាំងអស់។ បន្ថែមលើនេះ លោកបានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់យើងចំពោះតៃវ៉ាន់គឺរឹងមាំ ហើយនៅតែរក្សាបាននូវស្ថិរភាព ខណៈដែលទំនាក់ទំនងរវាងពួកយើងកាន់តែស៊ីជម្រៅ។ តៃវ៉ាន់គឺជារឿងជោគជ័យបែបប្រជាធិបតេយ្យ និងជាដៃគូដែលអាចទុកចិត្តបាន ក៏ដូចជាកម្លាំងសម្រាប់ភាពល្អនៅក្នុងពិភពលោក។

គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសភាគច្រើនដែរ មិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែជាប្រទេសគាំទ្រ និងផ្គត់ផ្គង់អាវុធអន្តរជាតិដ៏សំខាន់បំផុតរបស់កោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យនេះ បើទោះជាមានការខឹងសម្បារពីប្រទេសចិនក៏ដោយ៕ ប្រភព៖ CNA

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner