ពលរដ្ឋក្រីក្រចំនូន ១០០គ្រួសារក្នុងភូមិប្រិយ៍ ទទួលអំណោយស្បៀងអាហារ ពីអង្គការមនុស្សធម៌ចតុមុខរ៉ូតថារីក្លឹប រាជធានីភ្នំពេញ

សៀមរាប ៖ ប្រជាពលរដ្ឋក្រីក្រចំនូន ១០០គ្រួសារក្នុងភូមិប្រិយ៍ ឃុំប្រិយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប ទទួលបានអំណោយស្បៀងអាហារជាគ្រឿងឧបភោគ បរិភោគ ពីអង្គការមនុស្សធម៌ចតុមុខរ៉ូតថារីក្លឹប រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

កម្មវិធីបានប្រព្រឹត្តិទៅដោយមានការចូលរួមពីសំណាក់លោកស្រី ចាន់ សួយ អភិបាលរងស្រុកស្រីស្នំ លោកស្រី ឡេង ផល្លី ប្រធានចតុមុខក្លឹបរ៉ូតថារីភ្នំពេញ លោក ឡាយ សំអៀន នាយកធានាគារជាតិនៃកម្ពុជា សាខាខេត្តសៀមរាប និងក្រុមការងារយុវជនបក្សខេត្តចុះជួយមូលដ្ឋានស្រុកស្រីស្នំជាច្រើននាក់ផងដែរ។

លោកស្រី ឡេង ផល្លី ប្រធានចតុមុខក្លឹបរ៉ូតថារីភ្នំពេញ បានមានប្រសាសន៍ថា ដោយបច្ចុប្បន្ននេះ យើងមើលឃើញពីភាពលំបាកក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមិនថានៅប្រទេសកម្ពុជានោះទេ គឺបណ្តាប្រទេសលើសកលលោក បាននឹងកំពុងជួបវិបត្តិដោយសារការរាតត្បាតនៃជម្ងឺកូវីដ.១៩ ដូច្នេះហើយយើងត្រូវចូលរួមចំណែកជាមួយរាជរដ្ឋភិបាល ដើម្បីជួយសម្រាលទុកលំបាកដល់ប្រជាពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះបំផុតនៅកម្ពុជា និងការកាត់បន្ថយភាពក្រីក្រជាដើម ។

សូមបញ្ជាក់ថា ចតុមុខក្លឹបរ៉ូតថារីភ្នំពេញនេះ ជាអង្គការអន្តរជាតិមួយកើតចេញពីបណ្តុំសម្ព័ន្ធក្រុមហ៊ុនអាជីវកម្មនានា ដែលមានអាយុកាលជាង ១០០ឆ្នាំមកហើយ ។ អង្គការនេះមានបេសកកម្មធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គមលើវិស័យអប់រំ, មន្ទីរពេទ្យ, ការគាំពារទារក និងមាតា, ទឹកស្អាត, សហគមន៍ក្រីក្រ និងក្មេងកំព្រាទុរគត។ គម្រោងបរិច្ចាគអំណោយសប្បុរសធម៌របស់ចតុមុខក្លឹបរ៉ូតថារីភ្នំពេញនាពេលនេះ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារដែលក្នុង ១គ្រួសារ អង្ករ ២០គីឡូក្រាម ទឹកត្រី ១ យួរ ទឹកស៊ីអ៉ីវ ១ យួរ ត្រីខ ១០ កំប៉ុង ស្ករស ១ គីឡូក្រាម និង មី ១កេស និងសម្ភារមួយចំនួនទៀត ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner