រដ្ឋបាលខេត្តបាត់ដំបង បានជម្រុញឲ្យគ្រប់ស្ថាប័នមន្ទីរអង្គភាព និងរដ្ឋបាលក្រុង-ស្រុក ធ្វើការពិចារណាបញ្ចូលគម្រោងផែនការវិនិយោគដែលជាអាទិភាពចាំបាច់ទទួលបាននូវការគាំទ្រ ដែលជាតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ សំរាប់ ៣ឆ្នាំខាងមុខ របស់ខ្លួន

       ថ្លែងក្នុងឱកាសបើកវេទិកាកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២២-២០២៤) នៅរសៀលថ្ងៃទី២៦ខែវិច្ឆិកា ២០២១នេះ ឯកឧត្តម សឿមប៊ុនរិទ្ធិ អភិបាលរងខេត្តនិងជាតំណាងឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការក្រើនរំលឹកនិងបានណែនាំដល់គ្រប់ស្ថាប័នមន្ទីរអង្គភាពនានា និងរដ្ឋបាលក្រុង-ស្រុកទាំងអស់ ក្នុងខេត្ត ត្រូវចៀសវាងដាច់ខាតពីការអនុវត្តគម្រោងអភិវឌ្ឍន៍នៅតាមអង្គភាពនិងមូលដ្ឋានរបស់ខ្លួននីមួយៗ ដែលផ្ទុយពីកម្មវិធីវិនិយោគបីឆ្នាំរំកិលដែលជាផែនការមេ របស់ខ្លួន។

     នៅក្នុងការបើកវេទិកាកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)របស់ រដ្ឋបាលខេត្តបាត់ដំបងនេះ អភិបាលរងខេត្តបាត់ដំបង ក៏បានថ្លែងឱ្យដឹងអំពីគោលបំណង នៃការរៀបចំវេទិកានេះ ដែលនេះជាជំហានមួយនៅក្នុងកិច្ចដំណើរការនៃការកសាងនូវកម្មវិធីវិនិយោគបីឆ្នាំរំកិលខាងមុខរបស់ខ្លួន មុននឹងចាប់ផ្ដើមដំណើរការ ក្នុងការរៀបចំនូវសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ឃុំ សង្កាត់ ដែលរដ្ឋបាលខេត្តបាត់ដំបង គ្រោងនិងរៀបចំធ្វើនៅពេលខាងមុខនេះឆាប់ៗនេះ។

       ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ទៀតថា៖គ្រប់មន្ទីរ ស្ថាប័ន អង្គភាពនិងរដ្ឋបាលក្រុងស្រុក ត្រូវតែខិតខំគិតគូរពិនិត្យនិងពិចារណាឲ្យអស់ អំពីគម្រោងវិនិយោគរបស់ខ្លួនសម្រាប់រយៈពេល៣ឆ្នាំខាងមុខ។ហើយក៏ត្រូវរៀបចំចាត់ជាអាទិភាពចំពោះគម្រោងចាំបាច់ដែលជាតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន និងទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋ របស់ខ្លួន។

      លោក អ៊ីវ កុសល ប្រធានមន្ទីរផែនការខេត្តបាត់ដំបងនិងជាសមាជិកអចិន្ត្រៃយ៍ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត បានថ្លែងថា៖ការសហការគ្នាយ៉ាងល្អក្នុងការចូលរួមក្នុងវេទិកានេះ គឺជាឱកាសប្រចាំឆ្នាំ ដែលអាចឲ្យយើងជួបជុំគ្នាដើម្បីធ្វើការជជែកពិភាក្សា ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងផ្តល់ការគាំទ្រគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្តស្ថាប័នរដ្ឋនានា និងស្ថាប័នអង្គការជាតិ អន្តរជាតិ សម្រាប់សហការក្នុងការជំរុញនូវកិច្ចអភិវឌ្ឍន៍ ខេត្តបាត់ដំបងជបន្តទៀត។

      ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់តាមរយៈនៃការបើកវេទិកានេះថា៖គឺដើម្បីសំដៅកៀរគរប្រភពធនធានសម្រាប់គាំទ្រដល់គម្រោងអាទិភាពនានានៅក្នុងខេត្ត ទាំងថ្នាក់ក្រុង-ស្រុក ឃុំ-សង្កាត់ ដែលអាចជួយបង្កើនលទ្ធភាពនឹងប្រសិទ្ធភាព ក្នុងការអនុវត្តកម្មវិធីវិនិយោគបឺឆ្នាំរំកិលក្រុងស្រុកឃុំសង្កាត់ ដើម្បីធានាក្នុងការឆ្លើយតបនឹងតម្រូវការ របស៎ប្រជាពលរដ្ឋ បានទាន់វេលាទៀតផង។

      ជាមួយគ្នានេះ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរង ខេត្តបាត់ដំបង ក៏បានសំណូមពរដល់គ្រប់មន្ទីរ អង្គភាពនានាជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមគាំទ្រនូវគ្រប់ដំណើរការសកម្មភាពនានា នៃការធ្វើសមាហរណកម្មផែនការក្រុងស្រុកឃុំសង្កាត់ដើម្បីរៀបចំកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគបីឆ្នាំរំកិល៣ឆ្នាំខាងមុខរបស់ខ្លួនដោយត្រូវចាត់ទុកជាកិច្ចការអាទិភាព ដែលត្រូវអនុវត្តឱ្យស្របទៅតាមច្បាប់ តួនាទី ភារៈកិច្ច និងឈរលើគោលការណ៍ផលប្រយោជន៍ រួមរបស់ប្រជាពលរដ្ឋ និង ផលប្រយោជន៍សាធារណៈ របស់់ខេត្ត និងប្រទេសជាតិយើងទាំងមូល៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner