លោក ហ៊ុន កុសល៖លោក សម រង្ស៊ី ដំណើរភ្លើងទៀន គឺក្បត់ឆន្ទៈប្រជាពលរដ្ឋគាំទ្រគណបក្សសង្រ្គោះជាតិ
ភ្នំពេញ:លោក ហ៊ុន កុសល ដែលគេយល់ថាជាក្រុមនិយមលោក កឹម សុខា បានសរសេរនៅលើបណ្ដាញសង្កមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា គណបក្សភ្លើងទៀនរបស់លោកសម រង្ស៊ី ថ្ងៃនេះបានធ្វើសមាជរបស់ខ្លួនដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០២២/២៣ ដោយបានបោះបង់គណបក្សសង្គ្រោះជាតិ។
លោកបន្តថា ទង្វើបែបនេះបានបញ្ជាក់ថា លោក សម រង្ស៊ី ដើរចេញពីគោលការណ៍រួបរួមហើយ។
១.បែកពីគណបក្សសង្គ្រោះជាតិ ព្រោះគណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស បានព្រមព្រៀងរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិ។
២.ក្បត់ឆន្ទៈប្រជាពលរដ្ឋខ្មែរដែលគាំទ្រគណបក្សសង្គ្រោះជាតិ។ ត្រូវដឹងថាគណបក្សសង្គ្រោះជាតិបង្កើតឡើងដោយប្រជាពលរដ្ឋខ្មែរ។
៣.បែកចេញពីដៃគូនយោបាយរបស់ខ្លួន គឺលោក កឹម សុខា។
លោក ហ៊ុន កុសល បន្តទៀតថា ដូច្នេះបើលោក សម រង្ស៊ី បានបែកចេញបែបនេះហើយ លោក សម រង្ស៊ី និងក្រុមខ្លួនត្រូវតែបញ្ឈប់៖១.ការប្រើប្រាស់តួនាទីនៅក្នុងគណបក្សសង្គ្រោះជាតិ,២.ការប្រើប្រាស់ពាក្យ «សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយ»។
សូមបញ្ជាក់៖ គណបក្សភ្លើងទៀន លោក សម រង្ស៊ី ជាម្ចាស់កម្មសិទ្ធិ គ្មានបុគ្គលណាមួយហ៊ានយកគណបក្សនេះទៅធ្វើនេះធ្វើនោះបានទេ បើគ្មានការអនុញ្ញាតពីលោកសម រង្ស៊ី៕
ដោយៈពលជ័យ