ក្រុមគាំទ្រនៅអាមេរិកអំពាវនាវឱ្យ សម រង្ស៊ី និងបក្ខពួកបញ្ឈប់ជាបន្ទាន់នូវការយកឈ្មោះ និងរូបភាពលោក កឹម សុខា និងពាក្យស្លោកថា ” សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ” ទៅប្រើដើម្បីបំភ័ន្ត និងបិទបាំងទង្វើទុច្ចរិតរបស់ពួកខ្លួន
ភ្នំពេញៈក្រុមគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក អំពាវនាវដល់លោក សម រង្ស៊ី និងបក្ខពួកបញ្ឈប់ជាបន្ទាន់នូវការយកឈ្មោះ និងរូបភាពលោកកឹម សុខា និងពាក្យស្លោកថា ” សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ ” ទៅប្រើដើម្បីបំភ័ន្ត និងបិទបាំងទង្វើទុច្ចរិតរបស់ពួកខ្លួនតទៅទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រុមគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក បានបន្តថា នាពេលកន្លងមក និងពេលថ្មីៗនេះ លោក សម រង្ស៊ី និងក្រុមអ្នកនយោបាយគ្នីគ្នាគាត់ នៅតែបន្តប្រព្រឹត្តច្រំដែល និងគគ្លើងឡើងៗដោយបានប្រើប្រាស់ឈ្មោះ និងរូបភាពលោក កឹម សុខា និងពាក្យស្លោកថា “សម រង្ស៊ី និងកឹម សុខាជាមនុស្សតែមួយ” សម្រាប់បំភ័ន្ត និងបិទបាំងទង្វើទុច្ចរិត ដើម្បីកេងចំណេញប្រយោជន៍បុគ្គល និងបក្ខពួករបស់ខ្លួនជាបន្តបន្ទាប់។
លោក សម រង្ស៊ី និងបក្ខពួកបានចាកចេញទៅបង្កើតចលនាខុសច្បាប់ លើកបន្តុបតួនាទីខ្លួនឯង ប្រមាថព្រះមហាក្សត្រ និងពេលថ្មីៗនេះបានប្រកាសគាំទ្រគណបក្សនយោបាយផ្សេង ដែលបញ្ជាក់ឱ្យឃើញកាន់តែច្បាស់នូវទង្វើប្រាសចាក និងដើរផ្ទុយពីស្មារតីដើមនៃការរួបរួមជាមួយលោក កឹម សុខា តទៅទៀតហើយ៕
ដោយៈពលជ័យ