រថយន្តពីរគ្រឿង បុកគ្នាពេញទំហឹង ត្រង់ចំនុចផ្លូវបំបែកជាបួន បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ រថយន្តពីរគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បុកគ្នាពេញទំហឹងត្រង់ចំនុចផ្លូវបំបែកជាបួន បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤០ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ព្រះនរោត្តម កែងផ្លូវលេខ១០៦ ក្នុងសង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-7420 បានបើកបរធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយឺតល្មម ខណៈដល់ត្រង់ចំណុចកើតហេតុខាងលើ ផ្លូវបំបែកជាបួន ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកស៊ូប៉ារូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-1255 បើកបរតាមបណ្ដោយផ្លូវលេខ១០៦ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តម៉ាកកាមរីបាឡែនចំពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឱ្យរងការខូចខាតរថយន្តទាំងពីរគ្រឿងយ៉ាងដំណំដូចគ្នាតែម្ដង។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចឱ្យម្ចាស់ភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយម្ចាស់ភាគីទាំងសងខាងសម្របសម្រួលគ្នាមិនត្រូវរ៉ូវ ទើបសមត្ថកិច្ចមូលដ្ឋាន បានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ដទាំងពីរគ្រឿង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត