គណបក្សកាន់អំណាចសិង្ហបុរី នៅតែបន្តមិនទាន់រកឃើញអ្នកជំនួសតំណែងលោក លី សៀនឡុង

គណបក្ស​សកម្មភាព​ប្រជាជន (People’s Action Party – PAP) ​គណបក្ស​កាន់​អំណាច​របស់​ប្រទេស​សិង្ហបុរី នៅ​តែ​បន្ត​រក​មិន​ទាន់កំណត់​យក​​សមាសភាព​អ្នក​ជំនួស​តំណែង​របស់ លោក​នាយករដ្ឋមន្ត្រី លី សៀនឡុង ស្រប​ពេល​ដែល​គណបក្ស​នេះ​បាន​រៀប​ចំ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​អាទិត្យ​នេះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក លី សៀនឡុង ដែល​ជា​អគ្គលេខាធិការ​នៃ​គណបក្ស PAP ក៏​បាន​លើកឡើង​ថា ក្រុម​ជំនាន់​ទី៤ ឬ នៅ​សិង្ហបុរី​ច្រើន​តែ​ហៅ​ថា 4G ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន។

តាម​ពិត​ទៅ​ក្រុម 4G នេះ ធ្លាប់​មាន​មេដឹកនាំ​រួច​ជា​ស្រេច​ហើយ​ ដោយ​អ្នក​នយោបាយ​រូប​នោះ​គឺ លោក ហេង ស្វីគៀត (Heng Swee Keat) ដែល​លោក​ត្រូវ​បាន​តែងតាំង​ជា​ឧបការី​ទី១​នៃ​អគ្គលេខាធិការ​គណបក្ស PAP កាល​ពី​ឆ្នាំ២០១៨ កន្លង​ទៅ។ តំណែង​ឧបការី​ទី១​នេះ​ហើយ ជា​តំណែង​នៃ​មេដឹកនាំ​បន្ត​វេន​ក្នុង​គណបក្ស​កាន់​អំណាច​សិង្ហបុរី។

យ៉ាងណាមិញ កាល​ពី​ខែ​មេសា ឆ្នាំ​២០២១​នេះ លោក ហេង បាន​លាលែង​ចេញ​ពី​តំណែង​ពី​មេដឹកនាំ​នៃ​ក្រុម​ជំនាន់​ទី៤។ លោក​យល់​ថា ស្រប​ពេល​ដែល​លោក​មាន​អាយុ ៦០ឆ្នាំ​ហើយ លោក​គិត​ថា លោក​នឹង​មាន​ពេលវេលា​តិចតួច​ក្នុង​ការ​ដឹកនាំ​ប្រទេស ប្រកប​ដោយ​ប្រសិទ្ធភាព ហេតុ​ដូច្នេះ​ហើយ ទើប​លោក​បើក​ផ្លូវ​ឱ្យ​អ្នក​មាន​អាយុ​តិច​ជាង​លោក ធ្វើ​ជា​អ្នក​ស្នង​តំណែង​លោក​ លី សៀនឡុង។

កន្លង​ទៅ លោក លី សៀនឡុង បាន​លើកឡើង​ថា លោក​នឹង​លាលែង​ចេញ​តំណែង​នៅ​ពេល​លោក​មាន​អាយុ ៧០ឆ្នាំ ដែល​ត្រូវ​នឹង​ឆ្នាំ២០២២។ យ៉ាងណាមិញ​ ស្រប​ពេល​ដែល​ស្ថានភាព​កូវីដ-១៩ នៅ​រាលដាល ហើយ​ជាពិសេស​នៅ​ពេល​ដែល លោក ហេង លាលែង​ចេញ​ពី​មេដឹកនាំ​ក្រុម 4G នាយករដ្ឋមន្ត្រី​សិង្ហបុរី​រូប​នេះ​បាន​និយាយ​ថា លោក​នឹង​បន្ត​តំណែង​រហូត​ទាល់​តែ ក្រុម​មេដឹកនាំ​ជំនាន់​ទី ៤ រក​ឃើញ​មេដឹកនាំ​របស់​ខ្លួន។

ជាមួយ​នឹង​ស្ថានភាព​នេះ​ដែរ លោក លី បាន​និយាយ​ក្នុង​សន្និបាត​បក្ស​កាល​ពី​ថ្ងៃ​ទី២៨ វិច្ឆិកា​ថា៖ «ស្រប​ពេល​ដែល​មាន​ស្ថិរភាព​ហើយ ការ​កំណត់​អ្នក​បន្ត​វេន​របស់​ខ្ញុំ​ជា​កិច្ចការ​ដ៏​សំខាន់​មួយ ដែល​មិន​អាច​ទុក​ចោល​ជា​រៀង​រហូត​បាន​ទេ»។

«ក្រុម 4G នឹង​ត្រូវ​ការ​ពេលវេលា​យូរ​បន្តិច​ទៀត​ក្នុង​ការ​សម្រេច​ចិត្ត​។ តែ​ខ្ញុំ​ជឿជាក់​ថា ពួក​គេ​នឹង​ដោះស្រាយ​ដាច់​ស្រេច​នៅ​មុន​ពេល​ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ»។ នេះ​បើ​តាម​ការ​លើកឡើង​បន្ត​របស់​លោក លី។

សិង្ហបុរី​នឹង​រៀប​ចំ​ការ​បោះឆ្នោត​លើក​ក្រោយ​ទៀត​ នៅ​ឆ្នាំ២០២៥ ខាង​មុខ​នេះ។

លោក​នាយករដ្ឋមន្ត្រី​ លី សៀនឡុង បាន​លើកឡើង​ថា ក្រុម​ថ្នាក់ដឹកនាំ​ជំនាន់​ទី ៤ មិនមែន​ចាត់​ទុក​រឿង​ជ្រើសរើស​អ្នក​បន្ត​វេន​ជា​រឿង​លេង​សើច​មួយ​នោះ​ទេ ដោយសារ​តែ​រឿង​នេះ​ជា​ការ​កំណត់​ជោគវាសនា​របស់​ប្រទេស​សិង្ហបុរី។

បន្ថែម​ពី​លើ​នេះ​ទៀត លោក លី បាន​សង្កត់​ធ្ងន់​ថា មេដឹកនាំ​សិង្ហបុរី​មិនមែន​ជា «ចៅហ្វាយ​» ឬ «អ្នក​ឈ្នះ​ការ​ប្រណាំងប្រជែង​» នោះ​ទេ តែ​ជា​អ្នក​ដែល​អាច​ធ្វើ​ឱ្យ​ក្រុម​ទាំង​មូល​មាន​សាមគ្គីភាព ហើយ​ធ្វើ​ឱ្យ​ក្រុម​ទាំង​មូល​បញ្ចេញ​ឱ្យ​អស់ពី​សមត្ថភាព។

ក្រោយ​ពី​លោក ហេង លាលែង​ពី​តំណែង​ សារព័ត៌មាន​ក្នុង​ស្រុក​សិង្ហបុរី​ ក៏​ដូច​ជា​មជ្ឈដ្ឋាន​អ្នក​តាម​ដាន​ស្ថានភាព​នយោបាយ​សិង្ហបុរី​នានា​បាន​សម្លឹង​មើល​ឃើញ​បេក្ខភាព​ចំនួន ៣រូប ដែល​អាច​ក្លាយ​ជា​សមាសភាព​អ្នក​ស្នង​តំណែង​ជា​នាយករដ្ឋមន្ត្រី​សិង្ហបុរី។

អ្នក​នយោបាយ​ទាំង ៣រូប​នោះ​គឺ (១) លោក ឆាន់ ឈុនស៊ីង (Chan Chun Sing) អាយុ​ ៥១ឆ្នាំ បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ (២) លោក អូ យ៉េគង់ (Ong Ye Kung) អាយុ ៥១ឆ្នាំ ដែល​ពេល​នេះ​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង (៣) លោក ឡូរិន វង់ (Lawrence Wong) អាយុ ៤៨ឆ្នាំ កំពុង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ។

យ៉ាងណាមិញ​​ សិង្ហបុរី​មាន​នាយករដ្ឋមន្ត្រី ៣ជំនាន់​មក​ហើយ ដោយ​ជំនាន់​ទី១គឺ លោក លី ក្វាន់យូ ដែល​ជា​ស្ថាបនិក​នៃ​សាធារណរដ្ឋ​សិង្ហបុរី ដោយ​លោក​កាន់​តំណែង​អស់​រយៈ​ពេល ៣១ឆ្នាំ។ ជំនាន់​ទី២ គឺ លោក ហ្គូ ចុកតុង (Goh Chok Tong) ដែល​កាន់​តំណែង​ចាប់​ពី​ឆ្នាំ១៩៩០ ដល់​ឆ្នាំ២០០៤។ ជំនាន់​ទី៣ ដែល​ជា​ជំនាន់​បច្ចុប្បន្ន​គឺ ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក លី សៀនឡុង ដោយ​លោក​កាន់​តំណែង​បាន​ប្រមាណ ១៧ឆ្នាំ​មក​ហើយ៕

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner