នាយករដ្ឋមន្ត្រីតាលីបង់អំពាវនាវសុំជំនួយ ក្នុងការថ្លែងសុន្ទរកថាដំបូង

លោក​មូឡា​ មហាម៉ាត់​ ហាសាន់ អាឃុន​ ​ត្រូវ​បាន​ក្រុម​តាលីបង់​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​អាហ្វហ្គានីស្ថាន​ កាល​ពី​ថ្ងៃ​សៅ​រ៍ សប្ដាហ៌​មុន​លោក​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​អង្គការ​សប្បុរសធម៌​អន្តរជាតិ​ «កុំ​បដិសេធ​មិន​ផ្ដល់​ជំនួយ​របស់​ពួកគេ​» ខណៈ​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​អត់​ឃ្លាន​ធ្ងន់ធ្ងរ​នៅ​រដូវ​រងា​នេះ​។

ក្នុង​សារ​សំឡេង​មួយ​ប្រវែង​ជាង​កន្លះ​ម៉ោង ដែល​ជាសេចក្ដី​​ថ្លែង​ការ​​លើក​ដំបូង​របស់​លោក​អាឃុន​ចាប់​តាំង​ពី​តាលីបង់​ចូល​កាន់​អំណាច​កាល​ពី​ខែ​សីហា លោក​បាន​លើកឡើង​​ថា​៖ «យើង​កំពុង​ព្យាយាម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ។ យើង​កំពុង​ធ្វើ​ការ​ថែម​ម៉ោង​នៅ​គ្រប់​នាយកដ្ឋាន​»​។

លោក​អាឃុន​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​គាំទ្រ​ដោយ​អាមេរិក​ ដែល​លោក​ទម្លាក់​ពី​អំណាច​ ថា​បាន​បង្ក​វិបត្តិ​អត់ឃ្លាន​ ភាព​អត់​ការងារ​ធ្វើ​ និង​ការ​ជាប់​គាំង​សេដ្ឋកិច្ច​។ លោក​បាន​និយាយ​ថា​៖ «ប្រជាជាតិ ចូរ​ប្រុង​ប្រយ័ត​។ អ្នក​នៅ​សេស​សល់​ពី​រដ្ឋាភិបាល​មុន​ដែល​កំពុង​លាក់​ខ្លួន​ គឺ​កំពុង​បង្ក​ការ​ភិត​ភ័យ​ និង​បំភ័ន្ត​ប្រជាពលរដ្ឋ​មិន​ឱ្យ​ទុក​ចិត្ត​រដ្ឋាភិបាល​»​។

នាយករដ្ឋមន្ត្រី​រូប​នេះ​បាន​អះអាង​ថា រដ្ឋាភិបាល​របស់​លោក​បាន​បង្ក្រាប​អំពើ​ពុក​រលួយ​ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្វី​ដែល​លោក​ហៅ​ថា «ប្រព័ន្ធ​ខ្សោយ​បំផុត​ក្នុង​ពិភពលោក»​។ លោក​បាន​បន្ត​ថា រដ្ឋាភិបាល​ក៏​កំពុង​ធ្វើ​ការ​រក​វិធី​បើក​ប្រាក់​ខែ​ដល់​បុគ្គលិក​រដ្ឋាភិបាល​រាប់​ពាន់​នាក់​ ដែល​នៅ​មិន​បាន​ប្រាក់​ខែ​នៅ​ឡើយ​។

លោក​និយាយ​ថា​៖ «យើង​ស្នើ​ឱ្យ​អង្គការ​សប្បុរសធម៌​អន្តរជាតិ​ទាំង​អស់​កុំ​បដិសេធ​មិន​ផ្ដល់​ជំនួយ​របស់​ពួកគេ ហើយ​ជួយ​ប្រទេស​ជាតិ​ដែល​ហត់​នឿយ​របស់​យើង ដូច្នេះ​បញ្ហា​របស់​ប្រជាជន​អាច​ត្រូវ​បាន​ដោះស្រាយ​»​។

លោក​ក៏​បាន​អំពាវនាវ​ឱ្យ​អាមេរិក​ដោះលែង​ប្រាក់​បម្រុង​ជាង​១០​ពាន់​ដុល្លារ​របស់​ធនាគារ​កណ្ដាល​អាហ្វហ្គានីស្ថាន​ ដែល​ត្រូវ​បង្ក​បន្ទាប់​ការ​ដួល​រលំ​នៃ​របប​កាន់​អំណាច​មុន​។

ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា​ជាង​ពាក់​កណ្ដាល​នៃ​ប្រជាជន​អាហ្វហ្គានីស្ថាន​គឺ​ប្រឈម​មុខ​នឹង​ភាព​អត់​ឃ្លាន​ ដែល​អាច​ជា​គ្រោះ​ទុរ្ភិក្ស​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍ ហើយ​ការ​ដួល​រលំ​សេដ្ឋកិច្ច​នឹង​ធ្វើ​ឱ្យ​បញ្ហា​នេះ​កាន់​តែ​លំបាក​។ ប្រជាជន​ជា​ច្រើន​បាន​លក់​ទ្រព្យ​សម្បត្តិ៍​ ហើយ​សូម្បី​តែ​កូន​ៗ​របស់​ពួកគេ​ ដើម្បី​ទិញ​ស្បៀង​។

លោក​អាឃុន​បាន​និយាយ​ថា​គ្រោះ​ទុរ្ភិក្ស​នេះ​គឺ​ជា​ «ការ​សាកល្បង​ពី​ព្រះ​ជា​ម្ចាស់ បន្ទាប់​ពី​មនុស្ស​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ​»​។

សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេង​ទៀត​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ក្រុម​តាលីបង់​ថា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​បញ្ចប់​ជំនួយ​ ដែល​ប្រហែល​ស្មើ​នឹង​ ៧៥% នៃ​សេដ្ឋកិច្ច​ប្រទេស​នេះ​។ ធនាគារ​ពិភពលោក (WB) និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ក៏​បាន​បញ្ចប់​ប្រាក់​កម្ចី​អន្តរជាតិ​ឱ្យ​ប្រទេស​នេះ​ផង​ដែរ​។

បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​សន្យា​ថា​នឹង​រក្សា​ការ​បិទ​ផ្លូវ​សេដ្ឋកិច្ច​ចំពោះ​មេដឹកនាំ​ថ្មី​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​រហូត​ដល់​ពេល​ដែល​ក្រុម​តាលីបង់​បង្កើត​រដ្ឋាភិបាល​ដែល​រួម​បញ្ចូល​គ្រប់​ គ្រប់​ភាគី និង​ទទួល​ស្គាល់​សិទ្ធិ​ស្ត្រី​។

លោក​អាឃុន​ បាន​និយាយ​ថា​រដ្ឋាភិបាល​ថ្មី​របស់​លោក​បាន​រួម​បញ្ចូល​គ្រប់​ភាគី​ពី​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​ការ​ដក​ស្ត្រី​ចេញ​ពី​កន្លែង​ធ្វើ​ការ​ និង​សាលារៀន​ គឺ​ដើម្បី​ «រក្សា​ភាព​ថ្លៃថ្នូរ​របស់​ស្ត្រី​»​។

​លោក​អាឃុន​ បាន​សន្យា​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​«មិន​ជ្រៀតជ្រែក​»​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​ទេ​។

«យើង​ធានា​ដល់​ប្រទេស​ទាំង​អស់​ថា យើង​នឹង​មិន​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ពួកគេ ហើយ​យើង​ចង់​មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ល្អ​ជា​មួយ​ពួកគេ» លោក​អាឃុន​ និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «យើង​លង់​នឹង​បញ្ហា​របស់​យើង ហើយ​យើង​កំពុង​ព្យាយាម​យក​កម្លាំង​ដើម្បី​នាំ​ប្រជាជន​យើង​ចេញ​ពី​ទុក្ខ​លំបាក ដោយ​មាន​ជំនួយ​ពី​ព្រះ​»​។

យ៉ាង​ណា​មិញ ​លោក​អាឃុន​​ ​សមាជិក​ជើង​ចាស់​នៃ​ក្រុម​តាលីបង់ និង​​ជា​សហការី ហើយ​ក៏​ទីប្រឹក្សា​នយោបាយ​ដ៏​ជិតស្និទ្ធ​របស់​លោក​មូឡា អូម៉ា ​ជា​ស្ថាបនិក​ ព្រមទាំង​ជា​​មេដឹកនាំ​កំពូល​ទី​មួយ​របស់​តាលីបង់​។ លោក​អាឃុន​ ដែល​គេ​ប៉ាន់ស្មាន​ថា​មាន​អាយុ​ជាង​ ៦០ ឆ្នាំ​ បាន​ដើរ​តួ​ជា​ឧបនាយករដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​រដ្ឋាភិបាល​តាលីបង់​ទី​មួយ​ កាល​ពី​ឆ្នាំ​ ១៩៩៦ ដល់​ ២០០១​។ លោក​ត្រូវ​បាន​គេ​ដាក់​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ ដោយ​សារ​លោក​មាន​ទំនាក់​ទំនង​នឹង “អំពើ ​និង​សកម្មភាព” របស់​ក្រុម​តាលីបង់​៕

ប្រភព៖ DW

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner