បុរសម្នាក់ បើកម៉ូតូលឿនទៅបុកខឿនថ្មសួនច្បារ ចែកទ្រូងផ្លូវ បណ្តាលឱ្យស្លាប់ម្នាក់ និងម្នាក់រងរបួសស្រាល
ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់ និងនារីម្នាក់ទៀតរង របួសស្រាល បន្ទាប់ពីបើកម៉ូតូ ក្នុងល្បឿនលឿនទៅបុកខឿនថ្មសួនច្បារចែកទ្រូងផ្លូវ បណ្តាលឱ្យដួល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង២ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចបុរីឡុងនី ស្ថិតនៅតាមបណ្តោយផ្លូវទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលតាមអនឡាញ ស្នាក់នៅក្នុងបុរីពិភពថ្មចំការដូង មានស្រុកកំណើត នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកឯ ស្ត្រីដែលជិះពីក្រោយ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ដោយរងរបួសស្រាល ក៏បានចាកចេញពីកន្លែងកើតហេតុបាត់ស្រមោល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើបើកបរម៉ូតូមួយគ្រឿង ម៉ាកឃ្លិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FM-8149 ឌុបស្ត្រីម្នាក់ បានធ្វើដំតាមបណ្ដោយផ្លូវទួលពង្រ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ហើយក៏បត់ត្រឡប់ក្រោយវិញ ខណ:ពេលនោះ ឃើញគាត់លូកយកទូរស័ព្ទ មិនបានប្រុងប្រយ័ត្ន មិនបានមើលទៅមុខក៏បានរេចង្កូតមកឆ្វេងដៃទៅបុកនិងខឿនថ្មសួនច្បារចែកទ្រូងផ្លូវ បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមមួយរំពេចនៅនឹងកន្លែងកើតហេតុ ដោយសារមិនពាក់មួកសុវត្ថិភាព។ រីឯ អ្នកជិះខាងក្រោយជាស្ត្រីរងរបួសស្រាល បន្ទាប់មកក៏បានចាកចេញពីកន្លែងកើតហេតុទៅបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជុំនាញចរាចរណ៍ខណ្ឌ បានចុះមកយកម៉ូតូយកទៅរក្សាទុកបណ្ដោះអាសន្នសិន ចំណែកឯ សពសមត្ថកិច្ច បានធ្វើកំណត់ហេតុរួចរាល់ ក៏ប្រគល់ឱ្យក្រុមសាច់ញាតិដឹកយកទៅស្រុកកំណើត ដើម្បីយកធ្វើបុណ្យតាមប្រពៃណី៕ ឆៃហួត និងធី