អាជ្ញាធរអ៊ីរ៉ង់ ចាប់ខ្លួនបាតុករចំនួន ៦៧នាក់ បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខនៅក្នុងទីក្រុង Isfahan ជុំវិញការតវ៉ាប្រឆាំងនឹងបញ្ហាកង្វះទឹក
អត្ថបទដោយ៖
AMS OneMinute
កសិករដែលចេញមកតវ៉ាប្រឆាំងនឹងការរីងស្ងួតនៃទន្លេ Zayandeh Rud ដែលហូរកាត់កណ្ដាលក្រុង ទាមទារឱ្យរដ្ឋាភិបាលស្តារលំហូរទឹកទន្លេ ដើម្បីជួយស្រោចស្រពដីស្រែចំការ ដែលបាត់បង់ពីការគ្រប់គ្រងធនធានទឹកខុសអស់រយៈពេលរាប់ឆ្នាំ។ ទឹកក្នុងក្រុង Isfahan ត្រូវបានបង្វែរតាមបំពង់ក្រោមដី ឆ្ពោះទៅតំបន់ឧស្សាហកម្មក្នុងខេត្ត Yazd។
អ្នកជំនាញលើបញ្ហាកង្វះទឹកនិយាយថា ការប្រែប្រួលអាកាសធាតុ និងការថយចុះនៃទឹកភ្លៀងធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ភាពរាំងស្ងួត ដែលបណ្តាលមកពីការគ្រប់គ្រងមិនត្រឹមត្រូវ។
អតីតរដ្ឋមន្ត្រីថាមពលរបស់ប្រទេសនេះ ក៏ធ្លាប់ព្រមានកាលពីខែឧសភាថា អ៉ីរ៉ង់នឹងជួបរដូវក្តៅដ៏ស្ងួតបំផុតក្នុងរយៈ ពេល ៥០ឆ្នាំ ហើយសីតុណ្ហភាពនឹងឡើងដល់ ៥០អង្សាសេ ដែលនឹងនាំឱ្យមានការកាត់ផ្តាច់ថាមពលអគ្គិសនី និងកង្វះខាតទឹក។
ប្រភព៖ NY Times