នាយករដ្ឋមន្ត្រីស្តីទីអាហ្វហ្គានីស្ថានអង្វរសុំជំនួយ មុនការចរចារវាងសហរដ្ឋអាមេរិក និងតាលីបង់នៅទីក្រុងដូហា ក្នុងសប្តាហ៍នេះ
កាប៊ុល៖ លោក ម៊ូឡា ម៉ូហាម៉េដ ហាសាន់ អាក់ហុន សហស្ថាបនិកក្រុមតាលីបង់ និងជានាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសអាហ្វហ្គានីស្ថាន បានសន្យាថា រដ្ឋាភិបាលរបស់លោកនឹងមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងបានជំរុញឱ្យអង្គការសប្បុរសធម៌អន្តរជាតិបន្តផ្តល់ជំនួយដល់ប្រទេសដែលរងគ្រោះដោយសង្រ្គាមនេះ។
នៅក្នុងសុន្ទរកថារបស់លោក ហាសាន់ អាក់ហុន ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ ដែលជាសុន្ទរកថាដំបូងរបស់គាត់ទៅកាន់ប្រទេសជាតិ ចាប់តាំងពីក្រុមតាលីបង់បានដណ្តើមអំណាចកាលពីខែសីហាមក និងបានធ្វើឡើងមុនកិច្ចប្រជុំនៅសប្តាហ៍នេះរវាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់នៅទីក្រុងដូហា។ លោក ហាសាន់ អាក់ហុន បាននិយាយនៅក្នុងសុន្ទរកថាជិត ៣០នាទីថា យើងធានាដល់ប្រទេសទាំងអស់ថា យើងនឹងមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ពួកគេទេ ហើយយើងចង់មានទំនាក់ទំនងសេដ្ឋកិច្ចល្អជាមួយពួកគេ។ លោកបន្តថា យើងលង់នឹងបញ្ហារបស់យើង ហើយយើងកំពុងព្យាយាមរកកម្លាំង ដើម្បីនាំប្រជាជនរបស់យើងឱ្យរួចផុតពីទុក្ខវេទនា និងការលំបាកដោយជំនួយពីព្រះ។
គួរបញ្ជាក់ថា លោក ហាសាន់ អាក់ហុន ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី៧ ខែកញ្ញា។ រដ្ឋាភិបាលរបស់គាត់ប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសការស្តារឡើងវិញនូវសេដ្ឋកិច្ចដែលទ្រុឌទ្រោមរបស់ប្រទេសដែលត្រូវបានស្ងួតហួតហែងដោយជំនួយអន្តរជាតិដែលធ្លាប់មាន ៧៥ភាគរយនៃថវិកាជាតិ នៅក្រោមរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិកពីមុន។ ក្រុមតាលីបង់បានដណ្តើមកាន់កាប់រដ្ឋធានីកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា បន្ទាប់ពីបានទម្លាក់រដ្ឋាភិបាលមុនដែលគាំទ្រដោយអាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានដកកងទ័ពរបស់ខ្លួនចេញពីប្រទេសនេះយ៉ាងប្រញាប់បន្ទាប់ពីសង្គ្រាមរយៈពេល ២០ឆ្នាំ៕ ប្រភព៖ CGTN