មន្រ្តីជាន់ខ្ពស់រុស្ស៊ី៖ អ្នកការទូតរុស្ស៊ីចំនួន ២៧នាក់នឹងត្រូវបណ្តេញចេញពីសហរដ្ឋអាមេរិកនៅត្រឹមថ្ងៃទី៣០ ខែមករាខាងមុខ
ម៉ូស្គូ៖ អ្នកការទូតរុស្ស៊ីចំនួន ២៧នាក់ និងគ្រួសាររបស់ពួកគេ នឹងត្រូវបណ្តេញចេញពីសហរដ្ឋអាមេរិកនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ហើយបុគ្គលិកការទូតរុស្ស៊ីមួយចំនួនទៀតនឹងចាកចេញនៅថ្ងៃទី៣០ ខែមិថុនាខាងមុខ។ នេះបើតាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov ប្រាប់សារព័ត៌មានរុស្ស៊ី។
លោក Anatoly Antonov បាននិយាយក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍សម្រាប់ប៉ុស្តិ៍ Soloviev Live Youtube ថា អ្នកការទូតរបស់យើងកំពុងត្រូវបានបណ្តេញចេញ ហើយថា សមមិត្តរបស់ខ្ញុំមួយក្រុមធំ ២៧នាក់ដែលមានគ្រួសារ នឹងចាកចេញពីពួកយើងនៅថ្ងៃទី៣០ ខែមករា ដោយលោកបានបន្ថែមថា មន្រ្តីរុស្ស៊ីកំពុងប្រឈមមុខនឹងការខ្វះខាតបុគ្គលិកយ៉ាងធ្ងន់ធ្ងរ។ កាលពីខែសីហា លោក Antonov បាននិយាយថា អ្នកការទូតរុស្ស៊ីចំនួន ២៤នាក់ត្រូវបានស្នើសុំដោយសហរដ្ឋអាមេរិកឱ្យចាកចេញពីប្រទេសនៅដើមខែកញ្ញា ខណៈដែលទិដ្ឋាការរបស់ពួកគេផុតកំណត់។ លោក Antonov បានប្រាប់កាសែត The Antonov ថា វាបានឈានដល់ចំណុចដែលអាជ្ញាធរអាមេរិកលុបចោលទិដ្ឋាការត្រឹមត្រូវរបស់ប្តីប្រពន្ធ និងកូនរបស់បុគ្គលិករបស់យើងដោយគ្មានហេតុផល។
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេត ប្រាយដ៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កាសែតរ៉យទ័រថា វាមិនមែនជា “អ្វីថ្មី” ក្នុងការតម្រូវឱ្យជនជាតិរុស្ស៊ីបន្តទិដ្ឋាការរបស់ពួកគេ បន្ទាប់ពីរយៈពេល ៣ឆ្នាំ ហើយបានអះអាងថា ការផ្លាស់ប្តូរនេះមិនមែនជាការសងសឹកនោះទេ។ ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា អ្នកការទូតរុស្ស៊ីជិត ២០០នាក់ នៅតែធ្វើការនៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី២៩ ខែតុលា នេះបើយោងតាមការសែតរ៉យទ័រ៕ ប្រភព៖ CGTN និង Thehill