អង់គ្លេសកោះប្រជុំបន្ទាន់មួយនៃក្រុមរដ្ឋមន្ត្រីសុខាភិបាល G7 ដើម្បីពិភាក្សាគ្នាអំពីវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី “Omicron”
ឡុងដ៍៖ វីរុសកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) បានកើតឡើងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកកាលពីចុងសប្តាហ៍មុន។ ប្រការនេះបានជំរុញឱ្យរដ្ឋាភិបាលអង់គ្លេសកោះហៅកិច្ចប្រជុំបន្ទាន់មួយ នៃក្រុមរដ្ឋមន្ត្រីសុខាភិបាល G7 នៅក្នុងថ្ងៃ ចន្ទ ដើមសប្តាហ៍នេះ។
ក្នុងនាមជាប្រធានប្រទេស G7 បច្ចុប្បន្នចក្រភពអង់គ្លេសចង់ឱ្យប្រទេសជាសមាជិកពិភាក្សាអំពីរបៀបដោះស្រាយការរីករាលដាលនៃការប្រែប្រួលនេះ។ ទីភ្នាក់ងារសុខភាពអង់គ្លេសបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា មនុស្សម្នាក់ដែលបានមកដល់ប្រទេសខ្លួនពីអាហ្វ្រិកខាងត្បូង បានឆ្លងមេរោគប្រភេទនេះ។ វាជាករណីទីបីនៅក្នុងចក្រភពអង់គ្លេស។ ប្រទេសហូឡង់បានបញ្ជាក់ពីករណីឆ្លងចំនួន ១៣ នៃវីរុសថ្មីនេះ ក្នុងចំណោមអ្នកដំណើរក្រុមហ៊ុនអាកាសចរណ៍ចំនួន ៦១ មកពីអាហ្វ្រិកខាងត្បូង ដែលបានធ្វើតេស្តវិជ្ជមានមេរោគប្រភេទថ្មីនេះ។ ប្រទេសដាណឺម៉ាក និងអូស្ត្រាលីក៏បានរាយការណ៍ករណីដំបូងរបស់ពួកគេផងដែរ។ ពួកគេទាំងអស់គឺជាអ្នកមកដល់ពីបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង។
ជាមួយគ្នានេះ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បដិសេធវិធានការបែបនេះ។ លោកបាននិយាយថា ពួកគេធ្វើមិនសមហេតុផលទាំងស្រុង ហើយថា យើងមានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រទេសមួយចំនួន ក្នុងការហាមឃាត់ការធ្វើដំណើរមកពីបណ្តាប្រទេសអាហ្វ្រិកខាងត្បូងមួយចំនួន រួមទាំងប្រទេសរបស់យើងផងដែរ បន្ទាប់ពីការកំណត់អត្តសញ្ញាណនៃវីរុស អូមីក្រុង (Omicron) ។ ទន្ទឹមនេះ លោក Ramaphosa បានជំរុញឱ្យប្រទេសអ្នកមានឱ្យគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការទទួលបាន និងផលិតវ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ ជំនួសឱ្យការដាក់បម្រាមធ្វើដំណើរ៕ ប្រភព៖ NHK