ស្រុកល្វាឯម ចំណាយថវិកាអស់ ៧៧លានរៀល ក្នុងការរៀបចំពិធីអុំទូកអបអរសាទរខួប ៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ
កណ្តាល ៖ គណៈកម្មការរៀបចំពិធីអុំទូកក្នុងស្រុកល្វាឯម ចំណាយថវិកាសរុបប្រមាណ ៧៧លានរៀល ក្នុងនោះសម្រាប់ការឧបត្ថម្ភដល់ទូកចូលរួមទាំងអស់មានចំនួនជាង ២៩លានរៀល និងការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត មានចំនួនជាង ៤៧លានរៀល រួមជាមួយការឧបត្ថម្ភការហូបចុកផ្សេងៗទៀត ដើម្បីចូលរួមអបអរសាទរខួប ៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល វត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។
ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកល្វាឯម ទទួលបន្ទុកយុវជនគណបក្សស្រុក តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកណ្តាល បានលើកឡើងនៅក្នុងកម្មវិធីក្រុងពាលី បើកពិធីអុំទូកមិត្តភាព នៅថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២១នេះថា ការរៀបចំឲ្យមានកម្មវិធីអុំទូកនៅក្នុងទឹកដីស្រុកល្វាឯមនេះឡើង គឺជាការបង្តើតនូវបរិយាកាសឲ្យប្រជាពលរដ្ឋបានទស្សនាកម្សាន្ត និងជាការចូលរួមអបអរសាទពិធីអុំទូក ដែលកម្ពុជាមានប្រពៃណីនៃការរៀបចំប្រារព្វធ្វើពិធីនេះ ជាយូរលង់ណាស់មកហើយ ។ តាមរយៈនៃការបង្កើតឲ្យមានកម្មវិធីនេះដែរ គឺជាការចូលរួមអបអរសាទរខួប ៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែត ស្រុកល្វាឯម ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូផងដែរ ។
សូមបញ្ជាក់ថា ជុំវិញការប្រកួតទូក ង នេះ, គណៈកម្មការរៀបចំពិធីអុំទូកស្រុកល្វាឯម បានប្រារព្វធ្វើឡើងរយៈពីរថ្ងៃ គឺនៅថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយមានទូកអុំបុរសចូលរួមសរុបចំនួន ៥១ទូក ស្មើ ២៥គូ ក្នុងនោះទូកវែងមានចំនួន ២៦ទូក និងទូកខ្នាតអន្តរជាតិចំនួន២៥ទូក ។ ចំណែកការចូលរួមប្រកួត, ស្រុកល្វាឯមមានទូកចូលរួមចំនួន ៣០ទូក, ស្រុកកៀនស្វាយ ៥ទូក, ស្រុកខ្សាច់កណ្តាល ៦ទូក, ស្រុកមុខកំពូល ២ទូក, ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ៤ទូក, ស្រុកកងមាស ខេត្តកំពង់ចាម ១ទូក, ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ១ទូក, ខណ្ឌសែនសុខ ១ទូក និងក្រុងតាខ្មៅមានចំនួន ០១ទូក ។
ចំពោះការចំណាយនិងការផ្តល់ប្រាក់រង្វាន់, សម្រាប់ទូកវែងចំនួន ២៦ទូក ក្នុងមួយទូកទទួលបានអង្ករចំនួន ២០០គីឡូក្រាម, ភេសជ្ជៈចំនួន ០៥កេស និងទឹកសុទ្ធចំនួន ៥០យួរ, សរុបជាអង្ករចំនួន ៥តោន, ភេសជ្ជៈចំនួន ១២៥កេស និងទឹកសុទ្ធចំនួន ២,៥០០យួរ ។ ចំណែកសម្រាប់ទូកខ្នាតអន្តរជាតិចំនួន ២៥ទូក ក្នុងមួយទូកទទួលបានអង្ករចំនួន ១០០គីឡូក្រាម, ភេសជ្ជៈចំនួន ០៣កេស និងទឹកសុទ្ធចំនួន ២៥យួរ សរុបជាអង្ករចំនួន ២,៣០០គីឡូក្រាម, ភេសជ្ជៈចំនួន ៦៩កេស និងទឹកសុទ្ធចំនួន ១,១៥០យួរ ក្នុងនោះសម្រាប់រង្វាន់ជ័យលាភីសម្រាប់ទូកវែង, លេខ១ ទទួលបានថវិកាចំនួន ៤លានរៀល ពាន ១, លេខ២ ថវិការ ៣លានរៀល ពាន១, លេខ៣ ថវិកា ២ លានរៀល ពាន ១ និងរង្វាន់លួងចិត្តសម្រាប់ទូកចំនួន ២៣ទូកផ្សេងទៀត ក្នុង ១ទូក ថវិកា១ លានរៀល សរុបថវិការទាំងអស់មានចំនួនជាង ២៩លានរៀល។
ចំណែករង្វាន់ជ័យលាភីសម្រាប់ទូកខ្នាតអន្តរជាតិ លេខ១ ទទួលបានថវិកាចំនួន ២លានរៀល ពាន១, លេខ២ ថវិកា ១,៥ លានរៀល ពាន ១, លេខ៣ ទទួលបានថវិកា ១លានរៀល ពាន ១, និងទទួលបានរង្វាន់លើកទឹកចិត្ត សម្រាប់ទូកចំនួន ២២ទូកផ្សេងទៀត ក្នុង១ទូក ទទួលបានថវិកា ៥០ម៉ឹនរៀល ៕