រដ្ឋបាលស្រុកល្វាឯម រៀបចំប្រណាំងទូក អបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល វត្តស្វាយអណ្ដែត
រដ្ឋបាលស្រុកល្វាឯម បានរៀបចំពិធីប្រណាំងទូក ក្នុងគោលបំណងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ រក្សានូវប្រពៃណីទំនៀមទម្លាប់ពីដូនតា និងដើម្បីចូលរួមអបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែត របស់ស្រុកល្វាឯម ខេត្តកណ្ដាល ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានមានប្រសាសន៍ថា ការប្រណាំងទូក ទទួលបានការគាំទ្រ និងសំឡេងស្រែកហោរសប្បាយរីករាយយ៉ាងកងរំពងពីសំណាក់ប្រជាពលរដ្ឋចូលរួមទស្សនារាប់ពាន់នាក់ នៅមាត់ទន្លេមេគង្គក្រោម ស្ថិតក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ហើយពិធីប្រណាំងទូកនេះ ធ្វើឡើងក្នុងគោលបំណងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ រក្សានូវប្រពៃណីទំនៀមទម្លាប់ពីដូនតា និងពង្រឹងនូវស្មារតីសាមគ្គីភាពគ្នា ស្របពេលដែលរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេស ឱ្យមានការជួបជុំឡើងវិញកាលពីថ្ងៃទី០១ ខែវិច្ឆិកា ខណៈដែលការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក៏មានភាពធូរស្រាលច្រើន ។
លោកអភិបាលស្រុក បានបន្តថា ការរៀបចំពិធីប្រណាំងទូកនេះ ក៏មានការចូលរួមគាំទ្រពីព្រះគ្រូចៅអធិការវត្តស្វាយអណ្ដែត និងព្រះគ្រូចៅអធិការតាមបណ្ដាវត្តនានា រួមនឹងសប្បុរសជនជាច្រើនរូប ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ពិសេសគឺ ដើម្បីចូលរួមអបអរសាទរខួប ៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល វត្តស្វាយអណ្ដែត របស់ស្រុកល្វាឯម ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៨ ខែវិច្ឆិកា ឆ្នាំ២០១៨-២៨ ខែវិច្ឆិកា ឆ្នាំ២០២១) ផងដែរ ។
សូមជម្រាបថា ក្នុងចំណោមក្រុង-ស្រុកទាំងអស់របស់ខេត្តកណ្ដាល ស្រុកល្វាឯម គឺជាស្រុកដែលមានទូក ង ច្រើនជាងគេ ។ សម្រាប់ព្រឹត្តិការណ៍ប្រណាំងទូក មានទូកចូលរួមចំនួន ៥០ទូក ក្នុងនោះ ទូកខ្លីមានចំនួន ២៤ទូក ទូកវែង មានចំនួន ២៦ទូក ឆ្លងកាត់ការប្រកួតរយៈពេល២ថ្ងៃ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជាលទ្ធផលទូកខ្លីលេខ១ បានទៅលើទូកឈ្មោះ កំហែងរាមាតេជោសែនជ័យ, លេខ២ ទូកក្រុងនគរសែនជ័យ, និងលេខ៣ ទូកឈ្មោះ ស.ស.យ.ក ស្រុកល្វាឯម ។ សម្រាប់ជ័យលាភីទូកវែង លេខ១ ទូកឈ្មោះ ស្រីសសុខសែនជ័យ, លេខ២ ទូកឈ្មោះ ពិជ័យកុមារតេជោសែនជ័យ, លេខ៣ ទូកឈ្មោះ អធិរាជផ្គរលាន់លើផ្ទៃជលសា, និងលេខ៤ ទូកឈ្មោះបារមីពោធិ៍មាសតេជោសែនជ័យ ៕