គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិង គណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានជួបពិភាក្សាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិង គណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានជួបពិភាក្សាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងទិសដៅកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត ។ជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូរវាង ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង ប្រធានគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមលោកជំទាវ ប៊ួយ ធី មិញ ហាយបានធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះដោយផ្តើតទៅលើការពិភាក្សាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងទិសដៅកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគតរវាងគណបក្សទាំងពីរ។
នៅក្នុងជំនួបនេះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានសម្តែងនូវសេចក្តីរីករាយដែលបានជួបពិភាក្សាជាមួយលោកជំទាវ ប៊ួយ ធី មិញ ហាយព្រមទាំងបានចូលរួមអបអរសាទរលោកជំទាវដែលត្រូវបានជ្រើសតាំងជាលេខាមជ្ឈិមបក្ស និងជាប្រធានគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅក្នុងអាណត្តិថ្មីនេះ។
ក្នុងជំនួបលើកទី៤នៃ គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងគណៈចលនាមហាជនមជ្ឍិមបក្សកុម្មុយនីស្តវៀតណាមនេះភាគីទាំងពីរបានអះអាងថា ប្រវត្តិនៃទំនាក់ទំនងជាបងប្អូនរវាងគណបក្សនិងប្រទេសទំាំងពីរ ដែលតែងតែជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ បានចាក់ឫសយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងនៃថ្នាក់ដឹកនាំ កម្មាភិបាលគ្រប់លំដាប់ថ្នាក់ និងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមក អំពីសភាពការណ៍លេចធ្លោរបស់គណបក្ស និងប្រទេសនីមួយៗជាពិសេសបទពិសោធន៍ល្អៗ និងយន្តការសក្តិសិទ្ធនានា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ព្រមទាំងទិសដៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្សនិងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កាក្នុងការអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូល និងកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ ដែលរួមមាន កម្មវិធីអាហារូបករណ៍ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈប្រតិភូជំនាញ អង្គការមហាជន និងការសម្របសម្រួលសេវាកម្មសុខភាពនានាជូនប្រជាជនតាមបណ្តាខេត្តជាប់ព្រំដែន និងសិស្សនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាមជាដើម។ បន្ថែមពីលើនេះ ភាគីទាំងពីរបានឯកភាព បន្តថែរក្សា និងពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងគណបក្ស និងប្រទេសទាំងពីរ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព៕