សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការ នាយករដ្ឋមន្រ្តីឡាវ នៅវិមានសន្តិភាព
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលបដិសណ្ឋារកិច្ច និងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីឡាវ ដែលបានមកបំពេញទស្សនកិច្ច នៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា៖ ការធ្វ្វើបដិសណ្ឋាកិច្ច និងជំនួបទ្វេភាគីនេះ បានធ្វើឡើងនៅវិមានសន្តិភាព ដោយចុងបញ្ចប់ជំនួប នឹងមានសន្និសីទកាសែតរួមមួយ បង្ហាញលទ្ធផល ហើយបន្ទាប់មក នាយករដ្ឋមន្រ្តីឡាវ ក៏នឹងចូលរួមពិធីជប់លៀងផ្លូវការ ដែលរៀបចំឡើងដោយ សម្តេចតេជោ ហ៊ុន សែន ផងដែរ។
ឯកឧត្តម ផនខាំ វីផាវ៉ាន់ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង១០៖២០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជានេះ ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ តាមទំនៀមទម្លាប់ទស្សនកិច្ចផ្លូវការ។ ឯកឧត្តមនាយករដ្ឋមន្រ្តី នឹងក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តម បណ្ឌិត ផនខាំ វីផាវ៉ាន់ ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសម ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម នាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នៅកម្ពុជា ក្នុងអំឡុងពេលដែលកម្ពុជា កំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ៕