ក្រោមបទបញ្ជារបស់សម្តេចតេជោ ថ្ងៃនេះឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសការបំផ្លាញដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប
កំពង់ឆ្នាំង ៖ បន្ទាប់ពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ, ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។
នៅព្រឹកមិញ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានធ្វើដំណើរទៅដល់ខេត្តកំពង់ឆ្នាំង និងបានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមការងារចុះជួយខេត្ត អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ រួចហើយបន្តដំណើរចុះទៅពិនិត្យផ្ទាល់ នៅតំបន់ព្រៃលិចទឹក ដើម្បីដាក់ចេញផែនការ និងវិធានការឲ្យអាជ្ញាធរ និងកងកម្លាំងបង្ក្រាបឲ្យខាងតែបានចំពោះបទល្មើសមួយនេះ។
ក្រោយបញ្ចប់ការចុះត្រួតពិនិត្យនៅខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អមដំណើរដោយរដ្ឋមន្រ្តីមួយចំនួន នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត បានធ្វើដំណើរទៅដល់ខេត្តកំពង់ធំ ដើម្បីចុះស្រាវជ្រាវបន្តទៀតចំពោះបទល្មើសនេះ។
សូមរលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ ឯកឧត្តមបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់។
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ ទន្លេសាប ស្ថិតនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំផងដែរ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញកសិកម្ម និងជលផលស បានឲ្យដឹងថា ដីព្រៃលិចទឹកតំបន់២ និងតំបន់៣ នៅក្នុងខេត្តកំពង់ឆ្នាំងរាប់ពាន់ហិកតា ត្រូវបានជនខិលខូចមានទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានលួចឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិជារៀងរាល់ឆ្នាំ។ ពាក់ព័ន្ធនឹងបទល្មើសឈូសឆាយដីព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំងខាងលើនេះ គឺភាគច្រើនកើតមាននៅក្នុងឃុំច្រណូក និងឃុំផ្លូវទូក ស្រុកកំពង់លែង, ឃុំពាមឆ្កោក ស្រុកជលគីរី, ឃុំខុនរង និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងនៅក្នុងក្រុងកំពង់ ឆ្នាំងក៏មានផងដែរ ៕