កិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោកនឹងចាប់ផ្ដើមវិញក្រោយពីផ្អាកជិត៦ខែ
កិច្ចចរចារវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោកដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ បានចាប់ផ្ដើមឡើងវិញកាលថ្ងៃចន្ទ ទី២៩វិច្ឆិកា បន្ទាប់ពីការផ្អាកជិត ៦ ខែ ប៉ុន្តែការរំពឹងទុកសម្រាប់ការទទួលលទ្ធផលធំដុំណាមួយបានធ្លាក់ចុះយ៉ាងខ្លាំង។
បន្ទាប់ពីការពិភាក្សាទ្វេភាគីកាលពីថ្ងៃអាទិត្យ អ៊ីរ៉ង់ រុស្ស៊ី ចិន ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុបបានយល់ព្រមចាប់ផ្ដើមការចរចាឡើងវិញនៅថ្ងៃចន្ទ។ ជាថ្មីម្ដងទៀត អ៊ីរ៉ង់បានបដិសេធមិនធ្វើការចារចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។
លទ្ធផលនៃការចរចានេះអាចជួយអោយអ៊ីរ៉ង់រួចខ្លួនពីការដាក់ទណ្ឌកម្មលោកខាងលិច ឬឈានដាល់ការរឹតបន្តឹងបន្ថែមទៀតលើសេដ្ឋកិច្ច និងការកើនឡើងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បានដកទណ្ឌកម្មអន្តរជាតិលើប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងការដាក់កម្រិតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ប៉ុន្តែកាលពីឆ្នាំ ២០១៨ អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ហើយដាក់ទណ្ឌកម្មឡើងវិញទៅលើអ៊ីរ៉ង់វិញ។ អ៊ីរ៉ង់បានឆ្លើយតបដោយរំលោភលក្ខខណ្ឌ ដោយធ្វើការបន្សុទ្ធអ៊ុយរ៉ាន្យោម កាន់តែច្រើនទៅៗ និងសុទ្ធទៅៗ ធ្វើឱ្យមានការព្រួយបារម្ភថាអ៊ីរ៉ង់អាចផលិតអាវុធនុយក្លេអ៊ែរក្នុងរយៈពេលដ៏ខ្លី។
បន្ទាប់ពីប្រធានាធិបតីអាមេរិកលោកចូ បៃដិនចូលកាន់អំណាចនៅដើមឆ្នាំនេះមក ភាគីទាំងសងខាងបានបង្ហាញឆន្ទៈចង់ស្ដារកិច្ចព្រមព្រៀងនេះឡើងវិញ ប៉ុន្តែអ៊ីរ៉ង់បានបដិសេធមិនធ្វើការចរចាដោយផ្ទាល់ជាមួយអាមេរិក។ បន្ទាប់ការចរចា ៦ ជុំ ភាគីទាំងពីរមិនបានយល់ព្រមលើអ្វីមួយនៅឡើយទេ ហើយបានផ្អាកការចរចាដោយមិនកំណត់ថ្ងៃបើកវិញ។
ចាប់តាំងពីពេលនោះមកប្រទេសបានតែងតាំងប្រធានាធិបតីថ្មីមាននិន្នាការនយោបាយបែបអភិរក្សនិយម ប្រឆាំងនឹងលោកខាងលិច ដែលបានសន្យាថានឹងបង្កើនការទាមទារក្នុងការចរចា។ ស្របពេលជាមួយគ្នានេះ មានការសង្ស័យថាអ៊ីស្រាអែលបានធ្វើការវាយប្រហារទៅលើកម្មវិធីនុយក្លេអ៊ែរ និងការធ្វើឃាតអ្នកវិទ្យាសាស្ត្រ។
ការជាប់គាំង ទំហំនៃការទាមទាររបស់អ៊ីរ៉ង់ និន្នាការរបស់រដ្ឋបាលថ្មីរបស់អ៊ីរ៉ង់ ការវាយប្រហារទៅលើអ៊ីរ៉ង់ និងការភ័យខ្លាចរបស់លោកខាងលិចថាអ៊ីរ៉ង់កំពុងជំរុញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនដោយសម្ងាត់ បានបង្កើតឱ្យអារម្មណ៍ទុទ្ទិដ្ឋិនិយមក្នុងចំណោមអ្នកចរចា។
ប្រសិនបើការចរចាបរាជ័យ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនអាចមានការប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់នៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅខែក្រោយ ដោយកោះហៅកិច្ចប្រជុំអាសន្ន។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលគឺកំពុងកសាងណាហ្វតាលី បេនណេតគឺកំពុងកសាងរណសិរ្សប្រសិនការចរចាបរាជ័យ។
យ៉ាងណាមិញ អ្នកវិភាគមួយចំនួនគិតថាសម្ពាធសេដ្ឋកិច្ច និងនយោបាយនៅពេលបច្ចុប្បន្ននៅមិនទាន់គ្រប់គ្រាន់ដើម្បីជំរុញឱ្យអ៊ីរ៉ង់ត្រឡប់ទៅអនុលោមតាមកិច្ចព្រមព្រៀងវិញទេ ប៉ុន្តែបាតុកម្មតវ៉ាកង្វះទឹកប៉ុន្មានសប្ដាហ៍ចុងក្រោយនេះអាចបង្ហាញភាពទន់ខ្សោយផ្ទៃក្នុងរបស់អ៊ីរ៉ង់។ ការដកទណ្ឌកម្មសេដ្ឋកិច្ចគឺនៅតែជាគោលដៅដ៏ពេញនិយមមួយនៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែរបបបច្ចុប្បន្ន បានធ្វើតិចតួចដើម្បីរៀបចំប្រទេសជាតិខាងនយោបាយសម្រាប់ការលះបង់ ដែលអាចជាចាំបាច់៕
ប្រភព៖ The Guardian