គណៈបញ្ញាការកងឯកភាពខេត្តបន្ទាយមានជ័យ ផ្តើមចុះពិនិត្យតំបន់ព្រៃលិចទឹក ក្នុងភូមិសាស្ត្រខេត្ត

បន្ទាយមានជ័យ ៖ គណៈបញ្ញាការកងឯកភាពខេត្តបន្ទាយមានជ័យផ្តើមចុះ ពិនិត្យនិងស្រាវជ្រាវនៅតំបន់ព្រៃលិចទឹក ក្នុងភូមិសាស្ត្រខេត្ត ហើយកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ការចុះពិនិត្យនិងស្រាវជ្រាវនៅតំបន់ព្រៃលិចទឹកនៅតំបនបឹងទន្លេសាបនេះ គោរពតាមបទបញ្ជា ក៏ដូចជាចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មការចម្រុះដែលបង្កើតឡើងដោយ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះទៅធ្វើការទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបអំពើល្មើស ការកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈបញ្ញាការកងឯកភាពខេត្តបានដឹកនាំ ចុះត្រួតពិនិត្យនេះ ដោយប្រើប្រាស់ទូកប្រមាណជាង១០គ្រឿង ធ្វើដំណើរតាមផ្លូវទឹក ពិនិត្យតាមតំបន់ព្រៃលិចទឹក ក្នុងភូមិសាស្ត្រឃុំប្រាសាទ ឃុំភ្នំលៀប នៃស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ ។

ប្រតិបត្តិការនេះដែរក៏មានការចូលរួមពីសំណាក់កងកម្លាំងទាំង៣ប្រភេទ រួមមាន ៖ កម្លាំងនគរបាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, កម្លាំងអាវុធហត្ថដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ, កម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយលោក សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, កម្លាំងសឹករងបន្ទាយមានជ័យ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងមន្ត្រីមន្ទីរសុរិយោដី ព្រមទាំងមន្ត្រីរាជការស៊ីវិលជាច្រើននាក់ទៀតចូលរួមផងដែរ ។

គួរបញ្ជាក់ថា ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឲ្យតាមបណ្តារដ្ឋបាលខេត្ត និងអង្គភាពប្រឆាំងអំពើពុករលួយ អាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ជា សុផារ៉ា ចុះអនុវត្តបង្ក្រាប និងដកហូតយកមកវិញ នូវដីព្រៃលិចទឹក ដែលត្រូវបានជនខិលខូច ទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ៕ ដោយ ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner