សម្តេចប្រធានព្រឹទ្ធសភាទទួលជួបសវនការជាមួយនាយករដ្ឋមន្រ្តីឡាវ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានទទួលជួបធ្វើសវនការជាមួយឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ (PHANKHAM VIPHAVANH) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ សម្តេចមានជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ការពង្រឹង ពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការកាន់រឹងមាំ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ បានសម្តែងនូវសេចក្តីរំភើបរីករាយដែលមានឱកាសជួបសវនាការជាមួយនឹងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភានាពេលនេះ។ ឆ្លៀតក្នុងឱកាននោះ ឯកឧត្តមបានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីឯកឧត្តមប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនសម្តេចប្រធានព្រឹទ្ធសភា ព្រមទាំងអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវតាមពេលសមស្របណាមួយ។

ឯកឧត្តមនាយករដ្ឋមន្រ្តីបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា នេះជាការបំពេញទស្សនកិច្ចលើកដំបូងបង្អស់បន្ទាប់ពីឯកឧត្តមបានកាន់ដំណែងជានាយករដ្ឋមន្ត្រី។ តាមរយៈការបំពេញទស្សនកិច្ចនាពេលនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីចម្រើនរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងការអបអរសាទរចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាប្រទេសកម្ពុជាជួបការលំបាកយ៉ាងណាក៏ដោយ ជាពិសេសការប្រយុទ្ធប្រឆាំង និងទប់ស្តាត់នឹងជំងឺកូវីដ-១៩ បានអនុវត្តន៍យ៉ាងល្អប្រសើរណាស់។

ឯកឧត្តមនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវនាពេលកន្លងទៅ ជាពិសេសការជួយឧបត្ថម្ភក្នុងការទប់ស្តាត់ជំងឺកូវីដ-១៩ ដោយបានផ្តល់ជំនួយជាវ៉ាក់សាំង ២០ម៉ឺនដូស ហើយក្នុងជំនួបជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីម្សិលមិញនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់វ៉ាក់សាំងចំនួន៥០ម៉ឺនដូសថែមទៀត និងជំនួយជាថវិការបស់រាជរដ្ឋាភិបាល និងពីសម្បុរសជនចំនួន ១៣លានដុល្លារអាមេរិក។

ឯកឧត្តមនាយករដ្ឋមន្រ្តីបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបផងដែរ អំពីជំនួបរវាងឯកឧត្តមជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានពិភាក្សាគ្នាប្រកបដោយជោគជ័យ និងបានឯកភាពគ្នានូវចំណុចជាច្រើន។ ចំពោះបញ្ហាព្រំដែននៃប្រទេសទាំងពីរ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងខិតខំឱ្យសម្រចជាស្ថាពរក្នុងការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរក្លាយទៅជាព្រំដែនសន្តិសុខ សន្តិភាព និងការអភិវឌ្ឍ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជននៃប្រទេសទាំងពីរ ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក និងទប់ស្កាត់បាតុភាពអវិជ្ជមានខុស ច្បាប់តាមព្រំដែន។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់ឯកឧត្តមបណ្ឌិត នាយករដ្ឋមន្រ្តី ដែលថ្លែងសរសើរអំពីការរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្ន អំពីការគ្រប់គ្រងជំងឺកូវិដ១៩ប្រកបដោយ លទ្ធផលល្អប្រសើរ និងថ្លែងនូវអំណរសរសើរអំពីការរីកចម្រើននៃចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការលើគ្រប់វិស័យកម្ពុជា ឡាវ។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសប្បាយរីករាយដោយបានឃើញចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់ឈានដល់កម្រិតកំពូលគឺ “ភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។ សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាបានគាំទ្រ និងលើកទឹកចិត្តចំពោះរាល់គម្រោងនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច សង្គម អប់រំ វប្បធម៌ ទេសចរណ៍ និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូលដ្ឋាន និងអង្គភាពនៅតាមបណ្តោយព្រំដែន ដើម្បីថែរក្សាសន្តិសុខ ទប់ស្កាត់រាល់សកម្មភាពប្រឆាំងរបស់ពួកអមិត្ត អំពើភេរវកម្ម និងអំពើឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។

សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេរភាគី និងពហុភាគី ដូចជា៖ អន្តរសភាអាស៊ាន (AIPA) សហភាពអន្តរសភា (IPU) សភានិយាយភាសាបារាំង (APF) និងក្រុមសមាជិកសភាទទួលបន្ទុកតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV ជាដើម។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដល់រដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានគាំទ្រ និងចូលរួមកិច្ចប្រជុំ ”ភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១” ដែលសភាកម្ពុជាជាប្រធានដឹកនាំកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកថ្មីៗនេះប្រកបដោយជោគជ័យ។ ជាមួយនេះ សម្តេចបានស្នើរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្តជួយគាំទ្រសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ឆ្នាំ២០២២។

សម្តេចប្រធានព្រឹទ្ធសភាបានឯកភាពចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីឡាវដែលបានលើកឡើងអំពីបញ្ហាព្រំដែន ហើយព្រឹទ្ធសភាកម្ពុជាតែងតែគាំទ្រ និងលើកទឹកចិត្តឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់១៤%ទៀតនេះ ដើម្បីកសាខ្សែព្រំដែននៃប្រទេសទាំងពីរឱ្យក្លាយទៅខែ្សព្រំដែនដែលមានសន្តិភាព ស្ថិរភាព មិត្តភាព និងមានការអភិវឌ្ឍ ដើម្បីទុកជាមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅទាំងជំនាន់នេះ និងជំនាន់ក្រោយ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានរដ្ឋសភាឡាវ ដែលបានអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ហើយសម្តេចនឹងរកពេលវាលាសមស្របណាមួយដើម្បីដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ។ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជតិវាយតម្លៃថា បានឆ្លងផុតពីប្រទេសដែលមានការអភិវឌ្ឍតិចតួច។ សម្តេចសូមជូនពរឱ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រេចបាននូវចក្ខុវិស័យប្រែក្លាយប្រទេសឡាវជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

តាមរយៈគណៈប្រតិភូ សម្តេចប្រធានព្រឹទ្ធសភាបានផ្ដាំផ្ញើការសួរសុខទុក្ខប្រកបដោយសេចក្តីគោរព សេចក្តីរាប់អាន និងសេចក្តីនឹករលឹកជូនចំពោះថ្នាក់ដឹកនាំកំពូល និងថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូស្នាក់នៅ និងបំពេញទស្សនកិច្ចនៅកម្ពុជា ប្រកបដោយសុខភាពល្អបរិបូរណ៍ និងជ័យជម្នះ ព្រមទាំងប្រសិទ្ធពរជូនចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសយើងទាងពីរស្ថិតស្ថេរចេរកាល៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner