ក្រុមហ៊ុន ISI STEEL បង្កើតព្រឹត្តិការណ៍បាល់ទះ «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» ដើម្បីរួមចំនែកអភិវឌ្ឍនិវិស័យកីឡាបាល់ទះ

លោក សុខ វិចិត្រ នាយផ្នែកពាណិជ្ជកម្មក្រុមហ៊ុន ISI STEEL បានបញ្ជាក់ថា ក្រុមហ៊ុន ISI STEEL បង្កើតព្រឹត្តិការណ៍កីឡាបាល់ទះ ដែលប្រសិទ្ធនាមឲ្យថា «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» នឹងបើកដូវកាលទី១ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ គឺដើម្បីរួមចំនែកអភិវឌ្ឍនិវិស័យកីឡាបាល់ទះឲ្យកាន់តែរីកចម្រើន ក៏ដូចជារួមចំណែកលើកកម្ពស់យុវជនបានចូលរួមលេងកីឡា ដើម្បីសុខភាព និងជៀសឆ្ងាយពីគ្រឿងញៀន ជាមួយនឹងគោលបំណងសំខាន់ៗផ្សេងទៀត អមដោយប្រាក់រង្វាន់ប្រចាំខែ និងប្រាក់រង្វាន់ធំរហូតដល់ ៥០០០ ដុល្លារសហរដ្ឋអាម៉េរិក ។ នេះបើតាមការបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅកីឡដ្ឋាន The Blue Sport រាជធានីភ្នំពេញ ។


លោក សុខ វិចិត្រ នាយផ្នែកពាណិជ្ជកម្មក្រុមហ៊ុន ISI STEEL លើកឡើងថា ISI STEEL ជាក្រុមហ៊ុនកែឆ្នៃ និងចែកចាយផលិតដែកគុណភាពខ្ពស់ឈានមុខគេនៅកម្ពុជា មានរយៈពេលជាងពីរទសវត្សមកហើយៗនៅពេលនេះគឺជាកិត្តិយស ដែលក្រុមហ៊ុនបានចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទះនៅកម្ពុជាកម្រិតពាក់កណ្តាលអាជីពនេះឡើង ។ លោកបន្ថែមថា ក្រៅពីបាល់ទះ ក្រុមហ៊ុនបានចូលរួមជាមួយសហព័ន្ធប្រដាល់គុនខ្មែរ សហព័ន្ធកីឡាបាល់ទាត់ បង្កើតព្រឹត្តការណ៍ជាច្រើន ដើម្បីផ្តល់ឪកាសអោយយុវជនកសាងសមត្ថភាព អោយក្លាយជាធនធានសម្រាប់កម្ពុជា ត្រៀមប្រកួតលើឆាកអន្តរជាតិ នាថ្ងៃអនាគត ។


លោក លាង ស៊ីម ប្រធានបច្ចេកទេសរៀបចំការប្រកួតនេះគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទះ «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» ត្រូវបានប្រារព្ធធ្វើឡើង ក្នុងគោលបំណងបំផុសសកម្មភាពកីឡាបាល់ទះ, លើកទឹកចិត្តឲ្យយុវជនបានចូលរួមលេងកីឡា ដើម្បីសុខភាព បង្កើនមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អ, កាត់បន្ថយភាពអសកម្មក្នុងសង្គម ដោយឲ្យកីឡាករបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមជាតិ, បង្កើនបទពិសោធ-បច្ចេកទេសដល់កីឡាករវ័យក្មេងឲ្យកាន់តែប្រសើរក៏ដូចជាបង្កើនបទពិសោធសម្រាប់មន្ត្រីអជ្ញាកណ្តាល ចៅក្រមផងដែរ ។


លោក ស្រ៊ឺ ស្រេង ប្រធានក្រុមការងារកីឡាដេលី ដែលទទួលបន្ទុកផ្សព្វផ្សាយផ្ទាល់បញ្ជាក់ដែរថា នេះជាការប្រកួតពាក់កណ្តាលអាជីព ដោយអនុញ្ញាតឲ្យកីឡាករមាន៥នាក់ ដែលម្នាក់ជាកីឡាករបម្រុងអាចផ្លាស់ប្តូរចេញចូលដោយសេរី ប៉ុន្តែគោរពទៅតាមស្តង់ដាបច្ចេកទេស មិនអនុញ្ញាតឲ្យលេងដូចក្រៅប្រព័ន្ធ ដែលខុសពីទម្រង់គោលការណ៍បច្ចេកទេស នៃបាល់ទះនោះទេ ។


សូមបញ្ជាក់ថា លោកបញ្ជាក់ថា «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» រដូវកាលទី១នេះ ផ្នែកបុរស ៤នាក់ទល់៤នាក់ មាន៨ក្រុមចូលរួមប្រកួតប្រជែង ដោយចាប់ឆ្នោតជ្រើសរើសគូប្រកួតរួចហើយៗក្រុមណាឈ្នះនឹងបានឡើងវគ្គបន្ត ហើយក្រុមណាចាញ់គឺធ្លាក់ចេញពីការប្រកួតតែម្តង ។ ព្រឹត្តិការណ៍នេះត្រូវបានបែងចែកជា៥ខែ ដោយក្នុង១ខែៗ ត្រូវប្រកួតជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រ ដោយមានប្រាក់រង្វាន់សម្រាប់ជើងឯក ១៥០០ដុល្លារ, ជើងឯករង ៧០០ដុល្លារ និងចំណាត់ថ្នាក់លេខ៣ ទទួលបាន ៣០០ដុល្លារ ។ សម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រ ក្នុងខែទី៥ គឺគេនឹងជ្រើសរើសយកម្ចាស់ជើងឯក និងជើងឯករង (២ក្រុម) ប្រចាំខែទាំង៤ ស្មើនឹង៨ក្រុមឡើងទៅប៉ះជាគ្នាប្រជែងជើងឯកដណ្តើមទឹកប្រាក់ចំនួន ៥០០០ដុល្លារសហរដ្ឋអាម៉េរិក ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner