អនុប្រធានកីឡាបាល់ឱប ស្នើរអោយសិក្ខាកាមដែលទទួលបានពុទ្ធិពីវគ្គនេះ យកទៅចែករំលែកតាមមូលដ្ឋានរបស់ខ្លួនអោយកាន់តែមានសកម្មភាពផុសផុលបន្ថែមទៀត
សហព័ន្ធកីឡាបាល់ឱបកម្ពុជា បានបិទវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួត ជំនាន់ទី១ ប្រចាំឆ្នាំ២០២០ កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
លោក ទុយ ប៊ុនហឿន តំណាងនាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ បានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំក្រេបយកចំណេះដឹងពីគ្រូឧទ្ទេសប្រចាំវគ្គនេះ ។ លោកបានលើកទឹកចិត្ត ឲ្យសិក្ខាកាមខិតខំអភិវឌ្ឍសមត្ថភាព ដើម្បីជួយជ្រោមជ្រែង ដល់វិស័យកីឡាបាល់ឱបកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ តាមរយៈការផ្តល់អទិភាពថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាផ្តោតសំខាន់លើចំណុច៣សំខាន់ៗ គឺការងាររដ្ឋបាល វគ្គបណ្តុះបណ្តាលធនធានមនុស្ស និងការប្រកួតជើងឯកថ្នាក់ជាតិ ដែលវគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ឱបឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។
លោក លន់ សាមឺឌី អនុប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា បានលើកឡើងថា នេះវាសមិទ្ធផលថ្មីមួយទៀត ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យកីឡាបាល់ឱបកម្ពុជា ។ លោក រំពឹងថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះសិក្ខាកាមទាំងអស់នឹងយកពុទ្ធិទាំងអស់នេះ ទៅរៀបចំការប្រកួតនៅតាមបណ្តាខេត្តរបស់ខ្លួន ដើម្បីជំរុញឲ្យការប្រកួតកីឡាបាល់ឱបកាន់តែមានសកម្មភាពផុសផុលឡើងបន្ថែមទៀត ។ អនុប្រធានសហព័ន្ធរូបនេះ សង្កត់ធ្ងន់ថា ការអភិវឌ្ឍវិស័យកីឡាបាល់ឱបនេះ សហព័ន្ធមានបញ្ហាលំបាកណាស់ ដែលយើងកំពុងខិតខំធ្វើឲ្យកីឡាមួយនេះឆ្ពោះទៅរីកចម្រើននាថ្ងៃអនាគត ។ សហព័ន្ធកីឡាបាល់ឱបកម្ពុជា ទើបទទួលសមាជិកភាពពេញសិទ្ធិពីសហព័ន្ធកីឡាបាល់ឱបអាស៊ី ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ ។
សូមបញ្ជាក់ថា វគ្គសិក្សានេះទទួលបានថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រចាំឆ្នាំ២០២០ ដោយផ្តោតសំខាន់លើផ្នែកទ្រឹស្តី និងការអនុវត្តដោយផ្ទាល់ ដោយដំណើរការពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានសិក្ខាកាមសរុប២៥នាក់ មកពីក្លិបបាល់ឱបរាជធានី-ខេត្ត និងមន្ត្រីសហព័ន្ធ ៕