កម្ពុជាទទួលបានភ្ញៀវបរទេសជាង ៦ពាន់នាក់ គិតចាប់ពីថ្ងៃបើកទទួលទេសចរដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កមក

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានអោយដឹងថា ចាប់ពីពេលដែលប្រមុខរាជរដ្ឋាភិបាលប្រកាសបើកប្រទេសទទួលទេសចរឡើងវិញដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ពោលគឺចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១មក មានជនបរទេសចូលមកប្រទេសកម្ពុជាសរុបជាង៦ពាន់នាក់ ក្នុងនោះមានទាំងភ្ញៀវទេសចរ អ្នកវិនិយោគ និងអ្នកដំណើរផ្សេងទៀត។

សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញដើម្បីស្តារសេដ្ឋកិច្ចជាតិ បន្ទាប់ពីរងផលប៉ះពាល់ដោយសារការរីការាលដាលជំងឺកូវីដ-១៩ ក្នុងនោះក៏មានការបើកទទួលទេសចរអន្តរជាតិឡើងវិញដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កផងដែរ។ ក្នុងកិច្ចប្រជុំជាមួយក្រសួងទេសចរណ៍ និងក្រុមការងារក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា នៅអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ អ្នកដែលចូលមកប្រទេសកម្ពុជាមានជាមធ្យមប្រមាណ៣០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសដែលមានលក្ខខណ្ឌធ្វើចត្តាឡីស័ករយៈពេល៣ថ្ងៃ ៧ថ្ងៃ ១៤ថ្ងៃ តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នោះ គឺមានអ្នកចូលមកប្រទេសកម្ពុជា៦ពាន់៧១នាក់ ដែលមានជាមធ្យមមាន៤០០នាក់ក្នុងមួយថ្ងៃ ពោលគឺកើនឡើងប្រមាណ១០០នាក់ក្នុងមួយថ្ងៃ បើធៀបនឹងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់បែបនេះថា ចាប់ពីថ្ងៃទី១៦ តាមពិតរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញនៅថ្ងៃទី១៥ ប៉ុន្តែខ្ញុំរាប់ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ មានភ្ញៀវមានចំនួន៦ពាន់១១១នាក់ បើយើងគិតជាមធ្យមប្រមាណ៥៦០នាក់ក្នុងមួយថ្ងៃ ប៉ុន្តែពេលខ្លះមានដល់៦០០នាក់ជាងក្នុងមួយថ្ងៃ។ ចាប់ពីថ្ងៃទី០១-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានជនបរទេសចូលមកកម្ពុជាចំនួន១ម៉ឺន២ពាន់១៨២នាក់ ក្នុងនោះមានភ្ញៀវទេសចរចំនួន៤ពាន់៤១០នាក់ ហើយភ្ញៀវដែលមានចំនួនច្រើនជាងគេ គឺភ្ញៀវវៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃជាដើម។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១.៣១លាននាក់ ថយចុះ ៨០.២%។ ដោយឡែក ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ២០ម៉ឺននាក់ប៉ុណ្ណោះ ថយចុះ ៨៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ទោះយ៉ាងណា គេនៅមានសុទិដ្ឋិនិយមថាបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសបើកប្រទេសទទួលភ្ញៀវទេសចរឡើងវិញនោះ ភ្ញៀវទេសចរអន្តរជាតិនឹងមានការកើនឡើងឡើងវិញ ខណៈក្រសួងទេសចរណ៍បានរំពឹងទុកថា ភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងដល់ចំនួន ៧លាននាក់នៅឆ្នាំ២០២៥៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner