មនុស្ស ១៣នាក់ កាន់កាប់ដីព្រៃលិចចំនួន ជាង ២ពាន់ហិកតា បានចេញមុខសារភាព និងបានធ្វើលិខិតសុំទោសផ្ញើជូន សម្តេចជោ ហុ៊ន សែន យល់ព្រមប្រគល់ដី ជូនរដ្ឋវិញដោយឥតលក្ខខណ្ឌ
កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា អ្នកកាន់កាប់ដីព្រៃលិចទឹកខាងលើនេះចំនួន ១៣នាក់ ដែលបានកាន់កាប់ដីព្រៃលិចចំនួន ២.០៥៨,៥០ ហិកតា បានចេញមុខមកសារភាព ចំពោះស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងបានធ្វើលិខិតសុំទោសផ្ញើជូន សម្តេចជោ ហុន សែន ដោយយល់ព្រមប្រគល់ដីដែលខ្លួនបានកាន់កាប់ខាងលើនេះជូនរដ្ឋវិញដោយឥតលក្ខខណ្ឌ ។
ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងារចម្រុះ បានចុះពិនិត្យកងកម្លាំងប្រដាប់អាវុធដែលកំពុងប្រតិបត្តិការ នៅក្នុងតំបន់ ទួលគោកព្រះ ក្នុងឃុំច្រណូក ស្រុកកំពង់លែង ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងថា នៅក្នុងរយៈពេល ៣ថ្ងៃ នៃការអនុវត្តន៍បទបញ្ជារបស់សម្ដេចតេជោ កងកម្លាំងប្រដាប់អាវុធមាននគរបាល និងកងរាជអាវុធហត្ថខេត្តសរុបចំនួន ២០០ នាក់ បានចុះដកបង្គោលតាមព្រំដីក្នុងតំបន់ដីលិចទឹកបានចំនួន ២០០ដើម និងរុះរើរោងចាំដីក្បាលស្រែបានចំនួន ៥៥ខ្នង ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ជាទិសដៅរដ្ឋបាលខេត្តកំពង់ឆ្នាំង និងដាំដើមឈើព្រៃលិចទឹកឡើងវិញ ចំនួន ២០ម៉ឺនដើម នៅតំបន់ដីលិចទឹកដែលបានដកហូតខាងលើនេះ ដែលមានដើមរាំង និងដើមរំដេញ ។ ជាមួយគ្នានេះដែរក្រោយពេលបញ្ចប់ការងារ នៅចំណុចខាងលើនេះ រដ្ឋបាលខេត្ត និងដាក់កម្លាំងសមត្ថកិច្ចការពារតំបន់ខាងលើនេះ មិនឱ្យជនខិលខូចចូលមកកាន់កាប់ ឬអាស្រ័យផលទៀតឡើយ ។
ទាក់ទងនឹងប្រតិបត្តិការខាងលើនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ដីព្រៃលិចទឹកនៅក្នុងតំបន់គោកព្រះខាងលើនេះសរុបមានចំនួន ជាង៥ពាន់ហិកតា ។ ដោយឡែកតាមការចុះស្រាវ ជ្រាវរបស់មន្ត្រីជំនាញកន្លងមករកឃើញថា ដីជាង ២ពាន់ហិកតារ ត្រូវបានជនខិលខូចលួចឈូសឆាយយកជាកម្មសិទ្ធិ និងមកដល់ពេល នេះក្រុមការងារចម្រុះកំពុងចុះស្រា វជ្រាវបន្តទៀតដើម្បីរកអត្តសញ្ញាណអ្នកកាន់កាប់ដី និងទំហំដីដែលបានរងការបំផ្លាញដោយខុសច្បាប់ ។
ទាក់ទងនឹងជនសារភាពចំនួន ១៣នាក់ខាងលើនេះ លោកឧត្តមសេនីយ៍ ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយបានសារភាព និងធ្វើលិខិតសុំទោស ទៅសម្ដេចតេជោ ហ៊ុន សែន ជនទាំង ១៣នាក់ បានទៅលំនៅឋានវិញជាធម្មតា ប៉ុន្តែបើមានបញ្ជាពីថ្នាក់លើយ៉ាងណានោះសមត្ថកិច្ច នឹងបន្តនីតិវិធីទៀត ៕ សុខ គឹមសៀន