សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋ បន្តអនុវត្តនៅចំណុចសំខាន់ៗចំនួន ៦ ដើម្បីសុខមាលភាពគ្រួសារ និងសង្គម
ក្នុងសារលិខិតក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២១ ក្រោមប្រធានបទ “បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល”សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃមេទិកាភាពជាអ្នកដឹកនាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្ន, ជំងឺរាតត្បាតសកលកំពុងបន្តនៅតាមបណ្ដាប្រទេសលើពិភពលោក, ដោយឡែក នៅកម្ពុជា ការឆ្លងជំងឺកូវីដ-១៩ នៅសហគមន៍មានការថយចុះយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់, នេះគឺជាសញ្ញាវិជ្ជមានអនុញ្ញាតឱ្យកម្ពុជា អាចបើកប្រទេសវិញបានពេញលេញ ដើម្បីប្រជាពលរដ្ឋ អាចមានលទ្ធភាពប្រកបមុខរបរ តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិការណ៍កូវីដ-១៩។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋជនរួមជាតិ សូមបន្តអនុវត្ត នូវចំណុចសំខាន់ៗដូចខាងក្រោម ដើម្បីសុខុមាលភាពគ្រួសារ និងសង្គម ៖
១- សូមប្រជាពលរដ្ឋ, ក្មួយៗ យុវជន យុវនារី សិក្សាស្វែងយល់ជាប្រចាំនូវចំណេះដឹង ថ្មីៗស្តីពីការបង្ការការចម្លងមេរោគអេដស៍ ក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ដើម្បី បញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ឱ្យបានតាមការគ្រោងទុក។ ២- ក្នុងករណីសង្ស័យថា បានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត ដើម្បីទទួលបានសេវាថែទាំ និង ព្យាបាលទាន់ពេលវេលា។ ៣- ចំពោះស្រ្តីមានផ្ទៃពោះ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានត្រឹមត្រូវ និង ទៀងទាត់តាមការណែនាំរបស់បុគ្គលិកពេទ្យ ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្ដាយទៅ ទារក ដើម្បីធានាសុខុមាលភាព ទាំងមាតា និងទារក។ ៤- ត្រូវចូលរួមបញ្ចប់ការរើសអើងនូវគ្រប់រូបភាព ចំពោះអ្នកផ្ទុកមេរោគអេដស៍ និង ជំងឺអេដស៍ ស្របតាមច្បាប់ស្ដីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ ៥-ត្រូវការពារជាប្រចាំ តាមរយៈការប្រើស្រោមអនាម័យ ជាពិសេសចំពោះប្រជាពលរដ្ឋ ទាំងឡាយ ដែលមានមុខរបរប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។ ៦-ទន្ទឹមនឹងការយកចិត្តទុកដាក់ចំពោះមេរោគអេដស៍ និង ជំងឺអេដស៍, សូមប្រជា ពលរដ្ឋយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ហើយត្រូវការពារឱ្យបាន ខ្ជាប់ខ្ជួន, រស់នៅតាមគន្លងប្រក្រតីភាពថ្មី ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល “៣ ការពារ ៣ កុំ ដើម្បីធានាសុខុមាលភាពគ្រួសារ, សហគមន៍ និងសង្គមជាតិយើង។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអំពាវនាវដល់វិស័យឯកជន សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមបន្តភាព ជាដៃគូ និងបន្តឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចឱ្យបាននូវគោលដៅសូន្យបី នាឆ្នាំ ២០២៥ ខាងមុខ៕