CMAC កម្ទេចគ្រាប់មីនជិត៧ម៉ឺនគ្រាប់, រំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនជាង ៨៣គីឡូម៉ែត្រក្រឡា ក្នុងរយៈពេល១០ ខែឆ្នាំ២០២១
យោងតាមការបញ្ជាក់របស់ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ថាក្នុងរយៈពេល១០ ខែឆ្នាំនេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានរកឃើញ និងកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ចំនួន៦ម៉ឺន៩ពាន់៩០៤គ្រាប់ ដោយរំដោះផ្ទៃដីរងផលប៉ះពាល់ចំនួន ជាង ៨៣គីឡូម៉ែត្រក្រឡា។
លោក ហេង រតនា បញ្ជាក់ថា ជារួមលទ្ធផលការងារគ្រប់មុខព្រួញរបស់អង្គភាព CMAC សម្រាប់រយៈពេល១០ខែ គិតចាប់ពីខែមករា ដល់ ខែតុលា ឆ្នាំ២០២១កន្លងមកនេះ បានទទួលលទ្ធផលប្រកបដោយជោគជ័យគួរឲ្យកត់សម្គាល់ បើទោះជាស្ថិតក្នុងបរិបទសកលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក៏ដោយ។លោកបន្តថា ចំពោះកិច្ចប្រតិបត្តិការនេះរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុប ចំនួន៦ម៉ឺន៩ពាន់៩០៤ គ្រាប់ ព្រមទាំងមានប្រជាពលរដ្ឋ ទទួលផលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួន ៣ម៉ឺន៦ពាន់៦២៧គ្រួសារ ។
លោក ហេង រតនា បញ្ជាក់ថា សំរាប់ផែនការឆ្នាំ២០២២ខាងមុខនេះ អង្គភាព CMACមានផែនការរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមចំនួនប្រមាណ ១២៥គីឡូម៉ែត្រក្រឡា និងបន្តពង្រឹងសមត្ថភាពជាតិ ក្នុងការដោះស្រាយវិបត្តិសំណល់គ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល អនុលោមតាមផែនការជាតិ និងការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ ស្តីពីសំរេចឱ្យបានអនុសញ្ញាអន្តរជាតិអូតាវ៉ា ត្រឹមចុងឆ្នាំ២០២៥៕