សម្ដេចតេជោ ជួបពិភាក្សាស្នើនាយករដ្ឋមន្ត្រីជប៉ុន ឱ្យមានការហោះហើរឡើងវិញនៅពេលដែលសភាពការណ៍កូវិដ បានធូរស្រាល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ហ្វូមិអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុនតាមប្រព័ន្ធវីដេអូ។
ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងការអរគុណចំពោះសម្ដេចតេជោ ដែលបានផ្ញើសារអបអរសាទរជូនឯកឧត្តម ក្នុងឱកាសទទួលតំណែងជានាយករដ្ឋមន្ត្រី។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ពីការចងចាំដែលទស្សនកិច្ចរបស់ឯកឧត្តមក្នុងឆ្នាំ២០១៤ ដោយថ្លែងអំណរគុណសម្ដេច ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅ ហើយឯកឧត្តម បានសន្យាថា នឹងជួយគាំទ្រសហការជាមួយនឹងកម្ពុជា ក្នុងពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០២២។
ជាកិច្ចឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរជាថ្មីចំពោះឯកឧត្តម ដែលទទួលបានតំណែងជានាយករដ្ឋមន្ត្រី ហើយអរគុណចំពោះការសន្យាជួយ និងសហការជាមួយកម្ពុជា ក្នុងការដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ហើយអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី ដែលបានចូលរួមក្នុងកិច្ចប្រជុំ ASEM ដែលកម្ពុជា ជាប្រធានទទួលបានជោគជ័យ ។ សម្ដេចក៏បានអរគុណផងដែរ ដែលឯកឧត្តមនាយករដ្ឋមន្ត្រី បានចងចាំនូវទស្សនកិច្ចរបស់ឯកឧត្តមក្នុងឆ្នាំ២០១៤ ដែលបានមកចូលរួមក្នុងការសម្ពោធផ្សារ អ៉ីអន១ ហើយ អ៉ីអន ២ ក៏បានដំណើរការហើយដែរ នឹង អ៉ីអន៣ កំពុងដំណើរការសាងសង់។
ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានឆ្លើយតបវិញផងដែរដោយអរគុណសម្ដេចតេជោ ក្នុងកិច្ចសហការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន មានការរីកចម្រើនជាលំដាប់ ជាពិសេសក្នុងប្របត្តិការប្រយុទ្ធប្រឆាំងកូវីតដោយជប៉ុន សន្យាផ្ដល់វ៉ាក់សាំងបន្ថែមចំនួន ៣០ម៉ឺនដុសតាមរយៈយន្តការកូវ៉ាក់ ។
នៅឆ្នាំក្រោយ ជាខួបលើកទី៣០ នៃការដែលជប៉ុន បានបញ្ជូនកងទ័ពស្វ័យការពារចូលរួមក្នុងអ៊ុនតាក់ ដែលជាលើកទី១ ក្នុងបេសកកម្មក្រៅប្រទេស ហើយឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ក៏បានថ្លែងអំណរគុណផងដែរចំពោះសម្ដេច នៅក្នុងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាតំបន់ ជាពិសេសបញ្ហាកូរ៉េខាងជើង នឹងបញ្ហាមីយ៉ាន់ម៉ាដែលឧត្តមចាត់ទុកថា កម្ពុជានិងជប៉ុន មានទស្សន: និងគំនិតស្រដៀងគ្នា ហើយជប៉ុន និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាថែមទៀត ដើម្បីឲ្យសភាពការណ៍នៅមីយ៉ាន់ម៉ា កាន់តែល្អប្រសើរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាល និងឯកឧត្តមនាយករដ្ឋមន្ត្រី ក្នុងកិច្ចសហប្រតិបត្តិការនានា ដែលធ្វើទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ក៏ដូចជាទំនាក់ទំនងលើបញ្ហាតំបន់ និងអន្តរជាតិ មានភាពល្អប្រសើរ ដោយសម្ដេចបានអរគុណជាថ្មីចំពោះវ៉ាក់សាំងដែលជប៉ុន បានផ្ដល់មកកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ជាពិសេសនោះគឺបានបន្ថែមវ៉ាក់សាំងចំនួន ៣០ម៉ឺនដួស លើវ៉ាក់សាំងចំនួន១លានដុសនាពេលកន្លងមក រួមជាមួយនឹងសម្ភារៈបរិក្ខារពេទ្យ នឹងរថយន្តសង្គ្រោះបន្ទាន់ មកកាន់កម្ពុជាទាន់ពេលវេលាក្នុងពេលដែលកម្ពុជា ទទួលរងការរាតត្បាតយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩នេះ ហើយដោយសារឆ្នាំក្រោយនេះ ជាខួបទី៣០ នៃការបញ្ជូនកងទ័ពស្វ័យការពាររក្សាសន្តិភាពរបស់ជប៉ុន មកកម្ពុជា ដែលជាប្រវត្តិសាស្រ្តមួយក្នុងការចេញដំណើររបស់កងទ័ពជប៉ុនមកក្រៅប្រទេស ហើយសម្ដេច មានប្រសាសន៍ថា យើងត្រូវតែធ្វើពិធីអ្វីមួយ ដើម្បីរំឭកទិវាប្រវត្តិសាស្ត្រនេះ។
នៅលើបញ្ហាតំបន់សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមលើគោលការណ៍ និងគោលចំហរដែលយើងមានស្រដៀងគ្នា ជាពិសេស យើងបានឯកភាពគ្នាទៅលើការជួយយ៉ាងម៉េច ដើម្បីឲ្យសភាពការណ៍នៅមីយ៉ាន់ម៉ាមានស្ថានភាពល្អប្រសើរ ហើយជួយមីយ៉ាន់ម៉ា ឱ្យបានចូលរួមក្នុងព្រឹត្តិការណ៍នានារបស់អាស៊ាន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើរដ្ឋាភិបាល និងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ដែលកម្មវិធីហ្វឹកហ្វឺន និងអាហារូបករណ៍ដល់និស្សិតរបស់យើង ជំរុញអ្នកវិនិយោគឲ្យមកកម្ពុជាថែមទៀត ហើយជំរុញឲ្យមានការបញ្ជាទិញឲ្យបានច្រើន ដោយសារឆ្នាំ២០២១ នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជប៉ុន មានការធ្លាក់ចុះជាងឆ្នាំកន្លងទៅ ។ ទាក់ទងនិងវិស័យការពារជាតិ យើងបន្តសហការជាមួយគ្នា ជាពិសេស សូមជួយហ្វឹកហ្វឺនដល់កម្លាំងរក្សាសន្តិភាព ហើយក៏សូមអរគុណចំពោះជប៉ុននៅការសន្យាជួយកម្ពុជា និងសហការជាមួយកម្ពុជាយ៉ាងជិតស្និទ្ធ ដើម្បីឲ្យកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន ទទួលបានជោគជ័យ ជាពិសេស អាចដោះស្រាយនូវបញ្ហាក្ដៅនានា ជាពិសេស បញ្ហាមីយ៉ាន់ម៉ា នឹងបញ្ហានៅសមុទ្រចិនខាងត្បូង។
សម្ដេចតេជោ ក៏បានស្នើឱ្យមានការហោះហើរឡើងវិញនៅពេលដែលសភាពការណ៍បានធូរស្រាល ដោយសុំឱ្យក្រុមហ៊ុនយន្តហោះ ANA ចាប់ផ្ដើមហោះហើរឡើងវិញ ដោយសារកម្ពុជា បានបើកទូលាយ បានបើកប្រទេសឡើងវិញ ហើយក៏មិនមានការធ្វើចត្តាឡីស័កនោះទេ ហើយសម្ដេច ក៏បានសំណូមពរឲ្យភាគីជប៉ុន ពិចារណាជួយឡាវផងដែរ ដោយសារតែប្រទេសឡាវ កំពុងតែជួបបញ្ហាជំងឺឆ្លងផង នឹងបញ្ហាសេដ្ឋកិច្ចផង ។
ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានអរគុណកម្ពុជា ក្នុងការសហការគាំទ្របេក្ខភាពជប៉ុន ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ហើយនិងគោលនយោបាយកែទម្រង់របស់អង្គការសហប្រជាជាតិ ។
ឯកឧត្តមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញ ពីការត្រៀមសហការ និងគាំទ្រកម្ពុជា ឲ្យទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំក្រោយហើយនៅឆ្នាំ២០២៣ គឺជាខួបទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ហើយក៏ជាខួបទី៥០ នៃចំណងមិត្តភាពជប៉ុន-អាស៊ាន ហើយភាគីយើងទាំងពីរ និងសហការគ្នា ដើម្បីរៀបចំឲ្យមានកម្មវិធី ដើម្បីរំឭកខួបអនុស្សាវរីយ៍ទាំងពីរនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណឯកឧត្តមនាយករដ្ឋមន្ត្រី ហើយសង្ឃឹមថា ឯកឧត្តម នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយនៅភ្នំពេញ ហើយសម្ដេចក៏សូមអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនក្នុងពេលនោះ បំពេញទស្សនកិច្ចនៅកម្ពុជា ដែលកម្ពុជា ជាមិត្តដ៏ស្មោះត្រង់ម្នាក់របស់ជប៉ុនផងដែរ ៕