សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីជប៉ុនបានពិភាក្សាផ្តោតជាសំខាន់ទៅលើទំនាក់ទំនងទ្វេភា គី តំបន់ និងឆាកអន្តរជាតិផងដែរ
ជំនួបពិភាក្សាការងារនោះបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២១ នេះតាមរយ:ប្រព័ន្ធវីដេអូរវាងសម្តេចតេជោ ហ៊ុន សែន និង នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វមីអូ គីស៊ីដា (Fumio Kishida) ។ នៅក្នុងជំនួបនោះ អ្នកដឹកនាំទាំងពីរ សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ជប៉ុន បានពិភាក្សាផ្តោតជាសំខាន់ទៅលើទំនាក់ទំនងទ្វេភាគី តំបន់ និងឆាកអន្តរជាតិ។ ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ ជាពិសេសការផ្តល់នូវជំនួយនានាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានដូចជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ និងបរិក្ខារពេទ្យដទៃទៀត។ សម្តេចតេជោ បានមានប្រសាសន៍ថា ជំនួយទាំងអស់នេះ បានឆ្លើយតបយ៉ាងសំខាន់សម្រាប់តម្រូវការរបស់កម្ពុជាក្នុងការយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ១៩។ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន ក៏បានរំលឹកដល់កិច្ចសហប្រតិបត្តិការទាំងឡាយក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះបានរំលឹកពីការបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់ជប៉ុន មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩២ ដែលជាការបញ្ជូនកងទ័ពចេញក្រៅប្រទេសលើកដំបូងរបស់ជប៉ុន។ ក្នុងន័យនេះ សម្តេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុន ចង់ឃើញមានការរៀបចំពិធី ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនៅឆ្នាំ២០២២ ដែលជាខួប ៣០ឆ្នាំនៃការបញ្ជូនកងទ័ពរក្សាសន្តិភាពនេះ។
សម្តេចតេជោក៏បានស្នើនាយករដ្ឋមន្ត្រីជប៉ុន បន្តគាំទ្រដល់ការបណ្តុះបណ្តាលនិស្សិតកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ហើយបន្តជំរុញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើនាយករដ្ឋមន្ត្រីជប៉ុន បន្តជំរុញនូវកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុន និងកម្ពុជា។ ជាពិសេសជួយផ្តល់ការហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា។
សម្តេចតេជោ ក៏បានស្នើឱ្យមានការហោះហើរឡើងរបស់ជើងហោះហើរ ANA បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយឡើងវិញ។សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា នាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងឆ្លៀតអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ។ សម្តេចតេជោក៏បានឆ្លៀតសង្កត់ធ្ងន់ជាចុងក្រោយថា កម្ពុជា ជាមិត្តមួយដ៏ស្មោះត្រង់របស់ជប៉ុន។
សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសជប៉ុន។ ក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុនបានរួមដំណើរជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព ការស្តារឡើងវិញក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដែលនេះគឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពនៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀតក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម៕