រយៈពេល ១០ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា និងឥណ្ឌូនេស៊ី មានទឹកប្រាក់ជាង ៥១៣លានដុល្លារ
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានអោយដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបានជាង ៥១៣លានដុល្លារ ធ្លាក់ចុះជាង ១១ភាគរយ។
បើតាមរបាយការណ៍ដដែលនេះ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២១ កម្ពុជាបាននាំចេញទំនិញផ្សេងៗដូចជា កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ក្រដាស ក្រដាសកាតុង សម្លៀកបំពាក់ ស្បែកជើង ស្រោមជើង អាលុយមីញ៉ូម និងសម្ភារៈអគ្គិសនីជាដើម មានតម្លៃ ២៦.៣៨លានដុល្លារ។ ចំណែកឥណ្ឌូនេស៊ីនាំចូលមកកម្ពុជាវិញមានតម្លៃជាង ៤៨៧លានដុល្លារ ដោយនាំចូលនូវផលិតផលរួមមាន៖ សម្ភារៈ ធ្វើពីថ្ម ម្នាងសិលា ស៊ីម៉ង់ត៍ ផលិតផលកុលភាជន៍ ស្បែកជើង ស្រោមជើង សំលៀកបំពាក់ ត្បូងគ្រឿងអ លង្ការកាឡៃ ដែកអាលុយមីញ៉ូម គ្រឿងចក្រកសិកម្ម និងគ្រឿងសង្ហារឹមជាដើម។
សូមរំលឹកផងដែរថា នៅក្នុងឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (កម្ពុជា-ឥណ្ឌូនេស៊ី) មានទឹកប្រាក់ចំនួនជិត ៥៧៨លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទៅឥណ្ឌូនេស៊ីជិត ២៩លានដុល្លារ ហើយនាំចូលពីឥណ្ឌូនេស៊ីវិញ ជិត ៥៤៩លានដុល្លារ៕