ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៦ នៅសៀមរាប នឹងបង្ហាញថា កម្ពុជាជាគោលដៅបៃតង និងសុវត្តិភាព សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៦ នៅអង្គរវត្ត ខេត្តសៀមរាប នឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ស្របពេលដែលរាជរដ្ឋាភិបាលបើកប្រទេសទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ប៉ុន្តែត្រូវគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ។ នេះបើយើងតាមការថ្លែងឲ្យដឹងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំកកម្ពុជា ក្នុងសន្និសិទ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ឯកឧត្តម បញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦នេះ តាមគម្រោងត្រូវរៀបចំនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែដោយសារតែហេដ្ឋារចនាសម្ព័ន្ធ នៅសៀមរាបជួសជុលមិនទាន់រួចរាល់ ទើបសម្រេចកនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២វិញ ស្របពេលខេត្តសៀមរាប បើកទទួលទេសចរណ៍ឡើងវិញ ពិសេសចំពេលឆ្លងឆ្នាំសកល ។
ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់ទៀតថា តាមការនែនាំរបស់ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចង់បង្ហាញអន្តរជាតិថា កម្ពុជាបើកទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ហើយ ចាប់ពីខែមករា ឆ្នាំ២០២២តទៅ ដូច្នេះទើបគណកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រេចយកថ្ងៃទី០២ ខែមករា រៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៦ នឹងចង់បង្ហាញថា កម្ពុជាជាគោលដៅបៃតង និងសុវត្តិភាព សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ មានភាពកក់ក្តៅ និងមានទំនុកចិត្តខ្ពស់ចំពោះដំណើរកំសាន្ត ។
លោក Justin Helferich នាយកប្រតិបត្តិក្រុមហ៊ុន Manulife Cambodia បានប្តេជ្ញាចិត្តបន្តការគាំទ្រ ឧបត្ថម្ភទីវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារាតុង នេះកាន់តែប្រសើរឡើងជាមួយនឹងសុវត្ថិភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកចូលរួម ។
ជាមួយគ្នា លោក សែម ផល្លា អ្នករៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុង នៅកម្ពុជា បានអំពាវនាវឲ្យភ្ញៀវជាតិ និងអន្តរជាតិ មេត្តារុះរាន់ចុះឈ្មោះចូលរួមប្រកួត ព្រោះការបើកទទួលការចុះឈ្មោះពន្យាបន្ថែមមួយសប្តាហ៍ទៀត ដូច្នោះសូមចុះឈ្មោះប្រកួតឲ្យបានច្រើន ដើម្បីគាំទ្រព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជា។
សូមបញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦នៅអង្គរវត្តសៀមរាប នឹងប្រព្រឹត្តិទៅនៅថ្ងៃ០២ ខែ មករា ឆ្នាំ២០២២ ដោយប្រណាំងលើវិញ្ញា ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ ៕ ប្រភពរូបភាព Camsoc & Angkor Wat Haft Marathon