សម្តេចតេជោ ហ៊ុន សែន លើកឡើងពីអត្ថន័យ “ខ្មែរធ្វើបាន” និងអត្ថន័យនៃពាក្យ “ដើមឈើចាំស្នេហ៍ ឬ សិលាចាំស្នេហ៍”

ព្រះសីហនុ ៖ ក្នុងឱកាសចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីអត្ថន័យ “ខ្មែរធ្វើបាន” គឺមិនសំដៅសម្រាប់លើកកម្ពស់តួនាទីរបស់សម្តេច ក្នុងនាមជានាយករដ្ឋមន្ត្រីទេ សូមកុំច្រឡំ ។ សម្តេច ថា អត្ថន័យ “ខ្មែរធ្វើបាន” គឺសំដៅ ដោយគ្របដណ្ដប់ទាំងអស់ តាំង ពីបុរាណកាលមក ឧទាហរណ៍ ខ្មែរអាចកសាងប្រាសាទអង្គរវត្តបាន ខ្មែរអាចដឹកនាំប្រទេសឲ្យមានការរីកចម្រើនបាន ។

ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីអត្ថន័យនៃពាក្យ “ដើមឈើចាំស្នេហ៍ ឬ សិលាចាំស្នេហ៍” គឺតំណាង ឱ្យភាពគង់វង្ស បានន័យថា សន្តិភាព ការពារមិនឲ្យបាត់បង់ ការពារឯករាជ្យអធិបតេយ្យជាតិ របបរាជានិយម ការពារព្រះរាជ បល្ល័ង្ក និងការពារអ្វីដែលមាននាពេលបច្ចុប្បន្ន ឲ្យបានគង់វង្សយូរអង្វែងតទៅ ។

ក្នុងនាមជាអ្នកដាក់ឈ្មោះដើមឈើមួយនេះថា ដើមឈើចាំស្នេហ៍, សម្តេចតេជោ ហ៊ុន សែន បានពន្យល់អំពីអត្ថន័យយនៃឈ្មោះដើមឈើនេះថា ដើមឈើចាំស្នេហ៍ ឬសិលាចាំ ស្នេហ៍ តំណាងឱ្យនិមិត្តរូបនៃការគង់វង្ស ហេតុអ្វីបានជាអ្នកទាំងអស់គ្នាបែរជាឃើញថា ពាក្យដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ បែរជាតំណាងឱ្យភាពគង់វង្ស។ អស់លោកត្រូវចាំនៅចំណុចមួយ គឺថា ពាក្យថាចាំមិនដែលជួប គឺបានសេចក្តីនៅទីនេះ គឺចាំរហូត តែម្តង បើជួបគ្នាហើយ គេមិនហៅថាចាំទេ សិលាក៏អញ្ចឹង ដុំថ្មក៏អញ្ចឹង ដើមឈើក៏អញ្ចឹង ដែលហៅថា ពាក្យថាចាំ គឺមិនដែល ជួបទេ។

សម្តេចបានបន្តថា៖ ក្នុងចំណុចនេះ សម្ដេចចង់សំដៅទៅលើភាពគង់វង្សជាអមតៈរបស់វា ដែលខ្ញុំចង់និយាយសំដៅច្បាស់ ទៅលើសន្តិភាពនៃប្រទេសនេះមិនត្រូវបាត់បង់ទេ មិនអាចឱ្យនរណាបំផ្លាញទេ របបរាជានិយមអាស្រ័យធម្មនុញ្ញ រាជបល្ល័ង្កមិនត្រូវ បាននរណាប្រឆាំងទេ ទោះបីនរណាគំរាមកំហែងបំផ្លាញក៏ដោយ។ សម្តេចបានបន្តថា ពាក្យថាចាំ មានន័យថា មិនជួបអញ្ចឹងវាឃ្វាង រហូត ដូច្នេះអមតៈ អញ្ចឹងខ្ញុំសំដៅលើបញ្ហាទូលំទូលាយ គ្របដណ្តប់លើសន្តិភាព ស្ថិរភាពរបស់ប្រទេស ដែលមិនត្រូវឱ្យបាត់បង់ ឯករាជ្យ អធិបតេយ្យជាតិ ក៏មិនត្រូវឱ្យបាត់បង់ របបរាជានិយមអាស្រ័យធម្មនុញ្ញ ក៏មិនត្រូវឱ្យបាត់បង់ រាជបល្ល័ង្គក៏មិនត្រូវឱ្យបាត់បង់ ហើយទឹកដីរបស់យើងក៏មិនត្រូវឱ្យបាត់បង់ទេ ហ្នឹងជាទិដ្ឋភាពគ្របដណ្តប់ទៅលើស្ថានភាពរួមរបស់ប្រទេស។

ដោយឡែកស្ថានភាព នៅទីនេះក៏ដូចគ្នាដែរ ផ្លូវនេះមិនត្រូវឱ្យបាត់បង់ តំបន់នេះមិនត្រូវឱ្យបាត់បង់ទេ នៅតែជារបស់ប្រជាជនកម្ពុជាជានិច្ច ដែលគាត់មាន សិទ្ធិមកលេងកំសាន្តនៅទីនេះ។ សម្តេច ថា៖ ជាង១ឆ្នាំមុន យើងបានដាក់ឈ្មោះនេះ តើមានមនុស្សប៉ុន្មាននាក់ទៅដែលអាចកាត់ យល់ ខ្លះគេអាចយល់មិនដល់របស់គេ គេមិនបានស្វែងយល់ហើយ គេបានបន្តុះបង្អាប់យើងទៀតថា ដាក់អីក៏ឈ្មោះអាក្រក់ ចាំស្នេហ៍ សីលាចាំស្នេហ៍ ដើមឈើចាំស្នេហ៍ ទៅជារឿងឯណោះ ប៉ុន្តែជម្រៅរបស់វាជ្រៅជាងសមុទ្រ នៅទីនេះ ដូច្នេះម្ចាស់អ្នកដាក់ គឺម្ចាស់អ្នកបកស្រាយអំពីបញ្ហានេះ អញ្ចឹងអ្វីដែលយើងបានធ្វើគឺទឹកដីរបស់យើងមិនត្រូវបាត់បង់ សន្តិភាពរបស់យើងមិនត្រូវបាត់បង់ ទេ ឯករាជ្យ អធិបតេយ្យរបស់យើងមិនត្រូវបាត់បង់ទេ របបរាជានិយមអាស្រ័យធម្មនុញ្ញ និងរាជបល្ល័ង្ករបស់យើងមិនត្រូវបាត់បង់ទេ តំបន់នេះនៅតែជាទឹកដីកម្ពុជា នៅតែរបស់ប្រជាជនកម្ពុជា ដែលត្រូវមកលេងកំសាន្តនៅទីនេះ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner