ករណីឆ្លងដំបូងនៃវីរុសបំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញនៅសហរដ្ឋអាមេរិក
កាលីហ្វ័រញ៉ា៖ វីរុសបំប្លែងថ្មី អូមីក្រុង ដែលបាននិងកំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅអាហ្វ្រិកខាងត្បូងក្នុងរយៈពេលជិត ៤សប្តាហ៍កន្លងមកនេះ បន្ទាប់ពីវាត្រូវបានគេរកឃើញដំបូងនៅទីនោះ ត្រូវបានអាជ្ញាធរសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ាប្រកាសរកឃើញករណី «វិជ្ជមានដំបូង» នៃមេរោគនេះនៅក្នុងសហរដ្ឋអាមេរិក។
ករណីឆ្លងលើកដំបូងនេះ ត្រូវបានអាជ្ញាធរសុខាភិបាលអាមេរិករាយការណ៍ថា បានកើតលើប្រជាជនដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញរួចហើយរស់នៅរដ្ឋកាលីហ្វ័រញ៉ា ដែលទើបត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញពីអាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ហើយធ្វើតេស្តវិជ្ជមានក្នុងពេល ៧ថ្ងៃក្រោយ។ ជាមួយគ្នានេះ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងអាមេរិកលោកវេជ្ជបណ្ឌិត អាន់តូនី ហ៊្វាវស៊ី បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា អ្នកឆ្លងរូបនេះមានរោគសញ្ញាស្រាល ហើយកំពុងស្ថិតក្នុងការធ្វើចត្តាឡីស័កដោយខ្លួនឯង។ ការពិសោធន៍ និងញែកលំដាប់ហ្សែន ត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ហើយមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) គឺជាអ្នកកំណត់ថា នោះគឺជាមេរោគបំប្លែងថ្មី អូមីក្រុង ។
ឆ្លើយតបទៅនឹងការរកឃើញករណីវិជ្ជមាន Omicron ជាលើកដំបូងនេះ អាជ្ញាធរសុខាភិបាលអាមេរិក នៅតែជំរុញជាថ្មីឲ្យប្រជាជនទាំងឡាយ ជាពិសេសអ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ប្រញាប់ទៅទទួលការចាក់វ៉ាក់សាំងឲ្យបានពេញលេញ និងចាក់ដូសជំរុញបន្ថែមទៀត សម្រាប់អ្នកដែលគ្រប់លក្ខខណ្ឌត្រូវចាក់៕ ប្រភព៖ CNA និង ស៊ីនហួរ



