មនុស្ស៣នាក់ស្លាប់និងម្នាក់ទៀតកំពុងជួយសង្រ្គោះ ក្នុងហេតុការណ៍អគ្គីភ័យឆេះក្លឹបកម្សាន្តមួយកន្លែង នៅក្រុងសៀមរាប
សេចក្តីរាយការណ៍បញ្ជាក់ថា ហេតុការណ៍នោះបានកើតឡើងកាលពីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅក្លឹបកម្សាន្តក្រោមដីមួយកន្លែង ឈ្មោះ អេលីត ស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ នៃក្រុងសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថា មនុស្ស៣នាក់ដែលបានស្លាប់ក្នុងហេតុការណ៍អគ្គីភ័យនេះមានឈ្មោះ ឈ្មោះ អ៊ឹង ស៊ីម អាយុ ៤២ ឆ្នាំ, , ២. ឈ្មោះ ឈឿន សំណាង អាយុ ២៦ឆ្នាំ ស្លាប់ ,៣. ឈ្មោះ ធី មេសា ហៅ ចិត្ត អាយុ ៣៦ឆ្នាំ ស្លាប់ និងឈ្មោះ ប្រាក់ សុភ័ណ្ឌ អាយុ៤១ឆ្នាំ រងរបួសកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។
អភិបាលក្រុងសៀមរាបលោក នួន ពុទ្ធារ៉ា បានអោយដឹងថា ក្លឹបអេលីត នេះ មិនទាន់បានបើកដំណើរការនៅឡើយទេ ប៉ុន្តែរយៈពេល៣ថ្ងៃមកនេះ បុគ្គលិកបានចាប់ផ្ដើមធ្វើការសាកល្បង និងហាត់សម ដើម្បីស្នើសុំទៅអាជ្ញាធរបើកឡើងវិញ តែជាអកុសល ក៏កើតហេតុអគ្គិភ័យនេះតែម្តងទៅ ដែលករណីអគ្គិភ័យនេះ ដំបូងឡើយបុគ្គលិកបានធ្វើការសាកឧបករណ៍ ក៏មានការឆ្លងចរន្តអគ្គិសនី ហើយបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ដែរតែមិនអាចជួយបាន ទើបសុំការអន្តរាគមន៍ពីសមត្ថកិច្ច ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យនៅក្លឹបកម្សាន្តនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ខណៈដែលបុគ្គលិកកំពុងធ្វើការហាត់សមត្រៀម ដើម្បីត្រៀមបើកដំណើរការឡើងវិញនោះ ។ ក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យឆេះរាលដាលដល់គេហដ្ឋាន ឬអគារផ្សេងៗនៅក្បែនោះទេ។ ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យក្នុងការជួយអន្តរាគមន៍បាញ់ពន្លត់ចំនួន១០គ្រឿងក្នុងអន្តរាគមន៍បាញ់ពន្លត់៕