បណ្ណាល័យជាតិ ទទួលសៀវភៅខេមរភាសាចំនួន ១០មុខ ដែលជាការឧបត្ថម្ភបោះពុម្ពផ្សាយ ដោយគ្រឹះស្ថានបោះពុម្ពផ្សាយ ប្រជាជនខេត្តជាំងស៊ី

ភ្នំពេញ៖ បណ្ណាល័យជាតិ ទទួលបានសៀវភៅខេមរភាសាចំនួន១០មុខ ដែលជាការឧបត្ថម្ភបោះពុម្ពផ្សាយ ដោយគ្រឹះស្ថានបោះពុម្ពផ្សាយ ប្រជាជនខេត្តជាំងស៊ី សារធារណៈរដ្ឋប្រជាមាណិតចិន។ កម្មវិធីប្រគល់-ទទួលសៀវភៅ នេះធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នៅបណ្ណាល័យជាតិ ស្ថិតនៅក្នុងខណ្ឌ័ដូនពេញ រាជធានីភ្នំពេញ។

លោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជានិងជាតំណាងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីបាននាំយកនូវសៀវភៅជាខេមរភាសាដែលទើបបានបោះពុម្ពផ្សាយរួមមាន ១-ប្រទេសចិនមានលោកប្រធាន ម៉ៅ សេទុង ២-ប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន ៣-សុខភាពល្អអាស្រ័យលើទម្លាប់ ៤-ទស្សនវិជ្ជាឡៅជឺ ៥-ទស្សនវិជ្ជាខុងជឺ ៦-ទេសភាពនិងស្ថាបត្យកម្មចិន ៧-សម្ភារៈប្រើប្រាស់និងជីវភាពប្រចាំថ្ងៃជនជាតិចិន ៨-អក្សរនិងគំនិតចិន ៩-អក្សរសិល្ប៍និងសិល្បៈចិន និង១០-ជីវតាក្វាន់៖ទឹកដីនិងប្រពៃណីអ្នកស្រុកចេនឡា សរុបចំនួន១០០ក្បាលយកមកប្រគល់ជូនដល់បណ្ណាល័យជាតិដើម្បីទុកជាឯកសារសិក្សាស្រាវជ្រាវសម្រាប់សាធារណជន។

លោកស្រី ខ្លូត វិបុឡា ប្រធានបណ្ណាល័យជាតិបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការពង្រឹងនិងពង្រីកចំណងទាក់ទងដួងចិត្តរវាងប្រជាជននិងប្រជាជនតាមរយៈឯកសារប្រវត្តិសាស្រ្តនិងវប្បធម៌។

ឯកសារទាំងនេះនឹងក្លាយជាឯកសារគន្ថនិទ្ទេសដ៏សំខាន់ សម្រាប់អ្នកសិក្សាស្រាវជ្រាវពីប្រវត្តិទំនាក់ទំនងរវាងកម្ពុជានិងចិន រួមជាមួយការយល់ដឹងកាន់តែច្បាស់ពីវប្បធម៌និងប្រវត្តិសាស្រ្តរបស់ប្រទេសចិនទៀតផង។ លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅនិងការអានបានសាទរនឹងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបណ្ណាល័យជាតិនិងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី ហើយលោកបន្តការលើកទឹកចិត្តដល់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលជានិច្ចកាលតែងបានឧទ្ទេសនាមមិត្តចិនជាច្រើនដែលបានកំពុងបំពេញបេសកកម្មលើវិស័យបណ្ណាល័យ គ្រឹះស្ថានបោះពុម្ពផ្សាយនានាមកកាន់បណ្ណាល័យជាតិ និងបណ្តាបណ្ណាល័យនានានៅក្នុងប្រទេសកម្ពុជាប្រយោជន៍បង្កើនបរិមាណសៀវភៅអានដែលមានលក្ខណៈវិទ្យាសាស្ត្រ និងគរុសភាដល់អ្នកអាន អ្នកសិក្សា និងសាធារណជនទូទៅ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner