ឯកឧត្តម លី កុសល កោតសរសើរ សហភាពសហព័ន្ធយុវជន រាជធានីភ្នំពេញ សម្រាប់ការរៀបចំការប្រកួត កីឡាវាយសីគ្រឹះស្ថានបឋមភូមិលើកទី១ ឆ្នាំ២០២១

ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តមលី កុសល បានកោតសរសើរ និងសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះ ការរៀបចំការប្រកួតកីឡាវាយសីគ្រឹះស្ថានបឋមភូមិលើកទី១ ឆ្នាំ២០២១ របស់សហភាពសហព័ន្ធយុវជន រាជធានីភ្នំពេញ ។ ការកោតសរសើររបស់ ឯកឧត្តមប្រធានសហព័ន្ធ បានធ្វើឡើងក្នុងពិធីបិទការប្រកួត កីឡាវាយសីគ្រឹះស្ថានបឋមភូមិលើកទី១ ស្ថិតនៅអាគារខេមរានី ស.ស.យ.ក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។


ឧត្តមសេនីយ៍ឯក លី កុសល បានវាយតម្លៃខ្ពស់ ចំពោះការប្រកួតនេះ ដែលមានការចូលរួមពីកីឡាករ-កីឡាការិនី ជាសិស្សានុសិស្ស សបញ្ជាក់ឲ្យឃើញការរីកចម្រើនមួយកម្រិតទៀត នៃវិស័យកីឡាវាយសីកម្ពុជា ក្នុងបរិបទកូវីដ-១៩ ។ ឯកឧត្តមប្រធានសហព័ន្ធ ក៏បានជំរុញ និងលើកទឹកចិត្ត ទាំងកីឡាករ-កីឡាការិនីដែលមានវត្តមាននៅទីនេះទាំងអស់ ត្រូវបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករ-កីឡាការិនីមានគុណផលខ្ពស់ និងឈានទៅប្រកួតស្មើមុខមាត់លើឆាកអន្ដរជាតិ ។


ទន្ទឹមជាមួយគ្នាលោកជំទាវ តិមា វិច្ឆិកា តំណាងឯកឧត្តមសាយ សំអាល ប្រធានសហភាពសហព័ន្ធរាជធានីភ្នំពេញបានបង្ហាញការគាំទ្រ ចំពោះការរៀបចំការប្រកួតនេះ ដ្បិតថ្នាក់ដឹកនាំ ស.ស.យ.ក រាជធានីភ្នំពេញ ក៏បានផ្ដោតការយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ។ ដូច្នេះលោកជំទាវបានលើកទឹកចិត្តកីឡាករ-កីឡាការិនី ឬសិស្សានុសិស្ស ដែលចង់លេងកីឡានេះ អាចទាក់ទងក្លិបកីឡាវាយសីភ្នំពេញ ស្ថិតនៅអាគាខេមរានី ស.ស.យ.ក រាជធានីភ្នំពេញ ដើម្បីហ្វឹកហាត់ដោយឥតគិតថ្លៃទៀតផង ។


កីឡាវាយសីបាននិងកំពុងទាក់ទាញយុវជនកាន់តែច្រើនឡើងឱ្យចូលរួមធ្វើការហ្វឹកហាត់ និងប្រកួតដកស្រង់បច្ចេកទេសលត់ដំបង្កើនសមត្ថភាព និងទេពកោសល្យ។
ដើម្បីចូលរួមជំរុញបំផុសចលនាកីឡា ជាពិសេសសារ:សំខាន់នៃការលេងកីឡាវាយសីដល់ស្រទាប់មហាជន ជាពិសេសប្អូនៗនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅឱ្យងាកមកស្រឡាញ់កីឡា និងលេងកីឡាដើម្បីសុខភាពល្អ រាងកាយមំាមួន ឆន្ទៈមុះមុត វិន័យ រឹតចំណងមិត្តភាព សាមគ្គីភាព ភាពជាបងប្អូន និងបណ្តុះគ្រាប់ពូជធនធានកីឡាល្អៗ ដើម្បីរួមគ្នាជ្រោងទង់ជាតិកម្ពុជានៅក្នុងកម្មវិធីប្រកួតនានានៅលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាវាយសីគ្រិះស្ថានបឋមភូមិលើកទី១នេះ ដែលធ្វើការប្រកួតរយៈពេល១ព្រឹកមានការចូលរួមពី កីឡាករ-កីឡាការិនីជាសិស្សានុសិស្សចំនួន ៤០នាក់ មកពី ៤វិទ្យាល័យ និង១ក្លឹប ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner