ប្រធានប្រតិភូដឹកនាំក្រុមការងារអន្តរក្រសួងបានកំណត់ដាក់ចេញនូវយន្តការ និងវិធានការម៉ឺងម៉ាត់ដើម្បីបញ្ចប់ពីការទន្រ្ទានដីព្រៃលិចទឹកខុសច្បាប់ ដែលកើតមាន នៅក្នុងខេត្តបាត់ដំបង

       ក្រុមការងារអន្តរក្រសួង ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់និងសម្រេចដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដើម្បីបញ្ចប់ពីការកាប់បំផ្លាញព្រៃលិចទឹកនៅក្នុងតំបន់ដែលច្បាប់បានកំណត់ហាមឃាត់ដាច់ខាត (ដីតំបន់៣) និងបានដោះស្រាយនូវបញ្ហាប្រឈមនានាចំពោះមុខ ក្នុងការចាត់នូវវិធានការលុបបំបាត់ទាំងស្រុងដើម្បីការពារនូវដីព្រៃលិចទឹករបស់រដ្ឋ ដែលរងដោយការកាប់បំផ្លិចបំផ្លាញ និងពីការដុតព្រៃឈើទាំងនោះ ដើម្បីទន្ទ្រានយកដីព្រៃលិចទឹក នៅក្នុងដែនតំបន់៣ ដោយខុសច្បាប់និងបានកាន់កាប់កន្លងមក។

       នៅក្នុងកិច្ចប្រជុំរបស់ក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា និងក្រោយពីចុះពិនិត្យដល់ទីតាំងជាក់ស្ត្ងែងនិងក្រោយពីពិភាក្សាលើកយោបល់យ៉ាងល្អិតល្អន់ជាមួយថ្នាក់ដឹកនាំក្រសួងជំនាញពាក់ព័ន្ធនិងកងកម្លាំងចុះត្រួតពិនិត្យដល់ទីតាំងនៃតំបន់ដីព្រៃលិចទឹកក្នុងដែនតំបន់៣ស្ថិតក្នុងឃុំរកា ស្រុកសង្កែនិងបានបន្តចុះពិនិត្យមើលដីព្រៃលិចទឹកក្នុងតំបន់៣ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកថ្មគោល ។ ដោយនៅទីនោះ កំណត់ឲ្យអាជ្ញាធរខេត្ត-ស្រុក និងមន្ត្រីជំនាញ ត្រូវធ្វើការបិទផ្លូវលំដីដែលឆ្លងកាត់ព្រៃលិចទឹកក្នុងតំបន់៣និងរៀបចំដាក់តាំងស្លាកប៉ាណូ ដើម្បីកំណត់ពីតំបន់ហាមឃាត់ នៅក្នុងតំបន់៣។និងបានបន្តដំណើរចុះពិនិត្យមើលចំណុចតំបន់ក្រពើស្គម ស្ថិតក្នុងឃុំព្រៃចាស់ របស់ ស្រុកឯកភ្នំផងដែរ ដោយផ្តោតនូវវិធានការក្នុងការបង្ក្រាបការទន្រ្ទានដីរដ្ឋដែលស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

       រយៈពេល០១ថ្ងៃកន្លះ ពីល្ងាចថ្ងៃទី៥ និងនៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០២១ក្រុមការងារអន្តរក្រសួង ក៏បានកំណត់ដាក់ចេញ នូវ យន្តការសំខាន់ៗមួយចំនួនដូចជា៖ ការដាក់ស្លាកផ្ទាំងប៉ាណូកំណត់សម្គាល់ដីព្រៃលិចទឹកក្នុងដែនតំបន់ហាមឃាត់។កំណត់ឲ្យក្រុមការងារបច្ចេកទេស ជាមួយអាជ្ញាធរខេត្ត រួមនិងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចុះកំណត់និងបង្កើនការបោះបង្គោលកំណត់តំបន់៣ ក្នុងភូមិសាស្ត្រស្រុកដែលមិនទាន់បានបោះ និងបោះបង្គោលឲ្យបានចប់សព្វគ្រប់រួចរាល់។

      ជាមួយគ្នានោះ បានកំណត់ឲ្យរដ្ឋបាលខេត្តបាត់ដំបង ចេញលិខិតណែនាំដល់គ្រប់អាជ្ញាធរស្រុក ឃុំ ឲ្យបញ្ឈប់ការពិនិត្យបញ្ជាក់លើលិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធកាន់កាប់ដីក្នុងដែនព្រៃលិចទឹក ព្រមទាំងឲ្យចេញនូវលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុនៗ កន្លងមក។ កំណត់ជូនរដ្ឋបាលខេត្ត ចាត់វិធានការបញ្ឈប់ជាបន្ទាន់ការចូលទន្ទា្រននៅក្នុងដែនព្រៃលិចទឹកបន្តទៀត និងត្រូវធ្វើអត្តសញ្ញាណ អ្នកដែលបានចូលទៅទន្ទ្រាន ដើម្បីធ្វើការដកហូតដីនិងចាត់វិធានការតាមផ្លូវច្បាប់ ដោយត្រូវកសាងនូវអង្គហេតុ និងដាក់បណ្តឹងអាជ្ញាទៅតុលាការ។ទន្ទឹមនិងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញលើផ្ទៃដីដែលបានទន្ទ្រានកន្លងមក។រីឯកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវចាត់កម្លាំងចុះល្បាតតាមគោលដៅដើម្បីទប់ស្កាត់ការទន្ទា្រនដីព្រៃលិចទឹកនិងអនុវត្តនូវវិធានការច្បាប់។កំណត់ជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះនិងដែលបានដួលរលំនិងត្រូវដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋនូវដីព្រៃលិចទឹកតំបន់ទន្លេសាប។ ដោយឡែកចំពោះប្រជាពលរដ្ឋ ដែលបានដាំដំណាំ ពិសេសដំណាំស្រូវគឺទុកពេលឱ្យប្រមូលផល រួចស្នើឱ្យសាម៉ីខ្លួនធ្វើលិខិតសារភាព ទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកទាំងនោះ ជូនរដ្ឋវិញ។ ក្រុមការងារអន្តរក្រសួង ក៏បានកំណត់ឲ្យដាំដើមឈើឡើងវិញ លើដីដែលដកហូតទាំងនោះមកវិញ ដោយបានផ្តល់អាទិភាពលើការដាំដើមឬស្សី (ប្រភេទគ្មានបន្លា)។

      ក្នុងកិច្ចប្រជុំនេះឯកឧត្តម សុខ លូ អភិបាលខេត្តបាង់ដំបង បានប្ដេជ្ញាក្នុងការចុះអនុវត្តតាមបទបញ្ជានិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបង្ក្រាបឱ្យបានម៉ឺងមាត់លេីករណីទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកដោយខុសច្បាប់ និងកំណត់ដកហូតយកដីទាំងអស់នោះ ត្រឡប់មកវិញ ដេីម្បីថែរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ។

      សូមបញ្ជាក់ថាការបោះបង្គោលព្រំសម្គាល់ដែនព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងរហូតមកដល់ពេលនេះ គឺ៖សម្រេចបានចំនួន៦០បង្គោល ដោយក្នុងនោះ៖ ផែនការត្រូវបោះបង្គោល មានចំនួន១១២បង្គោល ហើយចំពោះបង្គោលដែលនៅសេសសល់ចំនួន៥២បង្គោលទៀត ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ នឹងត្រៀមបោះឲ្យបានគ្រប់ចំនួន នៅដើមឆ្នាំ២០២២នេះ។នៅក្នុងអនុក្រឹត្យលេខ១៩៧របស់រាជរដ្ឋាភិបាលនៅឆ្នាំ២០១១ បានកំណត់ដីព្រៃលិចទឹក នៅតាមបណ្តាខេត្តទាំង៦ជុំវិញបឹងទន្លេសាប មានចំនួនសរុប ៦៤៧.៤០៦ ហិកតា។ដោយឡែកខេត្តបាត់ដំបង មានព្រៃលិចទឹកសរុបចំនួន២០៦.៩៥៣ហិកតា។ ខណៈដែលព្រៃលិចទឹកប្រមាណ២ម៉ឺនហិកតា ត្រូវបានកាប់ទន្ទ្រានបំផ្លិចបំផ្លាញកាន់កាប់ដោយខុសច្បាប់ពីក្រុមមនុស្សអគតិ និងការបំផ្លាញដោយភ្លើងឆេះព្រៃ ជាបន្តបន្ទាប់កន្លងមក៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner