សម្តេចតេជោ នឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នាដើមខែមករា ឆ្នាំក្រោយ តាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នាដើមខែមករា ឆ្នាំក្រោយ តាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា ។

នេះបើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្រ្តី បានប្រាប់អ្នកសារព័ត៌មាននៅក្រោយបញ្ចប់ជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វុនណា ម៉ោង លីន (Wunna Maung Lwin) រដ្ឋមន្ត្រី ការបរទេស នៃ សាធារណរដ្ឋ សហភាព មី យ៉ាន់ ម៉ា និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីផង និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ាផង។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម វុនណា ក៏បានពិភាក្សាគ្នាអំពីបញ្ហាអាស៊ានផងដែរ ដើម្បីស្វែងរកមធ្យោបាយធ្វើយ៉ាងណា ឲ្យអាស៊ានមានកិច្ចសហប្រតិបត្តិការល្អ និងសាមគ្គីភាពល្អឡើងវិញ។

ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ក៏បានគោរពជូនសម្ដេចតេជោ នូវលិខិតរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជូនសម្តេចតេជោ ដើម្បីអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី០៧ និងទី០៨ ខែមករា ឆ្នាំ២០២២ នាពេលខាងមុខនេះ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានទទួលយកការអញ្ជើញ និងបានជម្រាបជូនឯកឧត្តម វុនណា ថា នឹងទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី០៧ និងទី០៨ ខែមករា ឆ្នាំ២០២២ តាមការអញ្ជើញនេះ ។

សូមជម្រាបថា ឯកឧត្តម វុនណា ម៉ោង លីន (Wunna Maung Lwin) រដ្ឋមន្ត្រី ក្រសួងការបរទេស នៃ សាធារណរដ្ឋ សហភាព មី យ៉ាន់ ម៉ា បានអញ្ជើញ មក បំពេញ ទស្សនកិច្ចផ្លូវការ នៅ កម្ពុជា រយៈពេល ពីរ ថ្ងៃ គឺ នៅ ថ្ងៃទី ៦ និង ទី ៧ ខែធ្នូ ឆ្នាំ ២០២១ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner