អភិបាលខេត្តកំពង់ចាម វេរប្រគេនព្រះសង្ឃ និងប្រគល់ឈាបនដ្ឋានដល់គណៈកម្មការ អាចារ្យវត្តជោតនារាមបឹងកុក

បន្ទាប់ពីបានជួសជុលកែលម្អ និងកសាង រួចរាល់ជាស្ថាពរហើយនោះ ឈាបនដ្ឋានថ្មី ១កន្លែង ស្ថិតក្នុងវត្តជោតនារាមបឹងកុក នៃសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបាន ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្គ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរ ដោយឯកឧត្ដម ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធ ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ប្រារព្ធពិធីវេរប្រគេនព្រះសង្ឃ និងប្រគល់ជូនគណៈកម្មការ អាចារ្យ វត្តជោតនារាមបឹងកុក ទុកសម្រាប់ប្រើប្រាស់ ទៅតាមតម្រូវការ នៃព្រះពុទ្ធសានា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នេះ ។

ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក យើងបានយកឈាបនដ្ឋាន ក្នុងទីតាំងវត្តបឹងកុកនេះ ធ្វើជាទីកន្លែង សម្រាប់បូជាសព ជូនដល់ប្រជាពលរដ្ឋ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារជម្ងឺកូវីដ ១៩ ។ ប៉ុន្តែ ដោយឈាបនដ្ឋាន នៅក្នុងអារាមនេះ មានសភាពចាស់ទ្រុឌទ្រោម មិនអាចរាប់រងដល់កិច្ចការបូជាសព បានចំនួនច្រើនក្នុង១ថ្ងៃៗ ដែលជាការឆ្លើយតប ទៅនឹងតម្រូវការតាមវិធានការណែនាំ របស់រដ្ឋាភិបាល ឯកឧត្ដម ក៏សម្រេចចិត្តកសាងនូវឈាបនដ្ឋានថ្មីបន្ថែមទៀត និងជួសជុលកែលម្អឈាបនដ្ឋានចាស់ ឡើងវិញ នៅលើទីតាំងចាស់ ដើម្បី ទុកជាប្រយោជន៍ ដល់ប្រជាពលរដ្ឋប្រើប្រាស់ ទៅតាមតម្រូវការជាក់ស្ដែង ។

ទន្ទឹមនឹងនោះដែរ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជា កិច្ចការអាជ្ញាធរ យើងក៏បានជ្រើសរើសយកទីតាំង ២កន្លែង គឺស្ថិតនៅវត្តតាមាង និងវត្តកោះប្រាក់ ដើម្បីធ្វើការបូជាសព អ្នកបាត់បង់ជីវិត ដោយសារជម្ងឺកូវីដ១៩ ជាបណ្ដោះអាសន្នសិន ទម្រាំឈាបនដ្ឋានថ្មីបានជួសជុល និងសាងសង់ រួចរាល់ជាស្ថាពរនោះ ។ ដូច្នេះថ្ងៃនេះ ឈាបនដ្ឋានថ្មី បានស្ថាបនារួចរាល់ជាស្ថាពរហើយ ក្នុងនាមក្រុមប្រឹក្សាខេត្ត ក៏ដូចជា គណៈអភិបាលខេត្ត យើងក៏ប្រារព្ធពិធីជួបជុំ ធ្វើពិធីវេរប្រគេន ឬប្រគល់ជូនព្រះសង្ឃ ក៏ដូចជាគណៈកម្មការអាចារ្យវត្តបឹងកុក ដើម្បីយកសមិទ្ធផលនេះ ទៅចាត់ចែងប្រើប្រាស់ តាមតម្រូវការ ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងអំណរព្រះគុណ ដល់ព្រះគ្រូចៅអធិការ និងគណៈកម្មការ អាចារ្យវត្តទាំង ៣ ដែលតែងតែសហការល្អ ជាមួយអាជ្ញាធរខេត្ត ក៏ដូចជា ប្រមុខរាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែក ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ នៅក្នុងខេត្តកំពង់ចាម ក៏ដូចជា នៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ ។

ព្រះចៅអធិការវត្តបឹងកុក ក៏បានសម្ដែងនូវទឹកព្រះទ័យ សប្បាយរីករាយ ក្រៃលែង ចំពោះ ឈាបនដ្ឋានថ្មី ខាងលើនេះ និងសមិទ្ធផលជាច្រើនទៀត ដែលខេត្តកំពង់ចាមសម្រេចបាន ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ នាពេលកន្លងមក ក្រោមការដឹកនាំ ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ តាមរយៈ ការរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ ព្រមទាង ការរួមគ្នាទទួលខុសត្រូវ ដោយឈរលើស្មារតីសាមគ្គីភាព ជាធ្លុងតែមួយ ផងដែរ ៕ សារ៉ាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner