ឥណ្ឌា និងរុស្សីចុះកិច្ចព្រមព្រៀងយោធា បើទោះបីជាមានហានិភ័យទណ្ឌកម្មពីអាមេរិកក៏ដោយ

កាល​ពី​ថ្ងៃ​ចន្ទ រុស្សី​ និង​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ជុំវិញ​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​យោធា​ បើ​ទោះ​បី​ជា​មាន​ហានិភ័យ​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​អាមេរិក​ក៏​ដោយ​។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា​លោក​រាជណាត ស៊ីង​ បាន​ជួប​ពិភាក្សា​ជា​មួយ​រដ្ឋមន្ត្រី​ការពារ​រុស្សី​លោក​សឺហ្គេ ស៊ូហ្គូ​ប៉ុន្មាន​ម៉ោង​មុន​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី និង​ប្រធានធិបតី​រុស្សី​លោក​វ៉្លាឌីមៀរ ពូទីន​។ បន្ទាប់​កិច្ចប្រជុំ​លោក​ស៊ីង​បាន​ប្រកាស​ថា​ «កិច្ចព្រមព្រៀង /កិច្ចសន្យា /ពិធីសារ​មួយ​ចំនួន​ត្រូវ​បាន​ចុះហត្ថលេខា​ទាក់ទង​នឹង​អាវុធ​ធុន​តូច និង​កិច្ច​សហប្រតិបត្តិការ​យោធា​»​។

កិច្ចព្រមព្រៀង​ទាំង​នេះ​រួមមាន​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​កងកម្លាំង​យោធា​ប្រទេស​ទាំង​ពីរ រួម​ជាមួយ​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​ផ្គត់ផ្គង់ និង​អភិវឌ្ឍន៍​អាវុធ និង​ឧបករណ៍​យោធា​ផង​ដែរ​។ ប្រទេស​ទាំង​ពីរ​បាន​យល់ព្រម​លើ​កិច្ចសន្យា​មួយ​ដើម្បី​ផលិត​កាំភ្លើង​ AK-203 ចំនួន​ ៥០០.០០០ ដើម​នៅ​រដ្ឋ​អ៊ូតតា ប្រាដេស​ប្រទេស​ឥណ្ឌា​។

យ៉ាង​ណា​មិញ​ កាល​ពី​ឆ្នាំ​ ២០១៧​ សភា​អាមេរិក​បាន​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​សត្រូវ​របស់​អាមេរិក​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​។ ក្រោម​ច្បាប់​នេះ​ប្រទេស​រុស្សី អ៊ីរ៉ង់ និង​កូរ៉េខាងជើង​ត្រូវ​បាន​ចាត់​ទុក​ជា​សត្រូវ​របស់​អាមេរិក​ ហើយ​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​សត្រូវ​ទាំង​នេះ​លើ​ប្រធានបទ​មួយ​ចំនួន​ ដូចជា​យោធា និង​ថាមពល​។ ច្បាប់​នេះ​ត្រូវ​បាន​គេ​រិះគន់​ថា​លើស​ពី​យុត្តាធិការ​របស់​សហរដ្ឋអាមេរិក​ ហើយ​អាច​រំលោភ​ច្បាប់​អន្តរជាតិ​។

កាល​ពី​ឆ្នាំ​២០១៨​ អាមេរិក​បាន​ប្រើ​ច្បាប់​នេះ​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​មួយ​ចំនួន​នៃ​កងទ័ព​ចិន​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​នាំ​ចូល​យន្តហោះ​ចម្បាំង​ និង​មីស៊ីល​ការពារ​ដែន​អាកាស​ពី​រុស្សី​។ អាមេរិក​ក៏​ធ្លាប់​គំរាម​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន​អាល្លឺម៉ង់​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 2 របស់​រុស្សី​។

កាល​ពី​ខែ​មុន​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា​ប្រទេស​ឥណ្ឌា​គឺ​មិន​មាន​ការ​លើកលែង​ពី​ការ​ដាក់​ទណ្ឌកម្ម​ក្រោម​ច្បាប់​នេះ​ទេ​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner