អ៊ុងសាន ស៊ូជី ត្រូវជាប់ទោស ៤ឆ្នាំ តែប្រមុខយោធាមីយ៉ាន់ម៉ាបន្ធូរបន្ថយទោសឱ្យសល់ ២ឆ្នាំ
តុលាការពិសេសរបស់មីយ៉ាន់ម៉ា កាលពីថ្ងៃច័ន្ទកន្លងទៅ បានចេញសាលក្រមដាក់ទោស អ្នកស្រី អ៊ុងសាន ស៊ូជី អតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ឱ្យជាប់ទោសនៅពន្ធនាគាររយៈពេល ៤ឆ្នាំ ក្នុងបទល្មើសចំនួន ២ គឺ ការល្មើសនឹងវិន័យនៃជំងឺកូវីដ-១៩ និងបទល្មើសនៃការញុះញង់បង្កចលាចលសាធារណៈ។
យ៉ាងណាមិញ អតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក វីន ម្យីន ក៏ជាប់ទោស ៤ឆ្នាំក្នុងពន្ធនាគារ ជាមួយនឹងបទល្មើសដូចគ្នានេះដែរ។
ករណីក្នុងការល្មើសនឹងបម្រាមជំងឺកូវីដ-១៩គឺ ពាក់ព័ន្ធនឹងការបោះឆ្នោតឆ្នាំ២០២០ ដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។ យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតទាក់ទិននឹងរឿងនេះនៅមិនទាន់ច្បាស់នៅឡើយ ស្របពេលដែលមេធាវីរបស់អ្នកស្រី ស៊ូជី ជាប់បម្រាមមិនឱ្យនិយាយទៅកាន់អ្នកកាសែត។
ចំណែកឯការញុះញង់បណ្ដាលអោយមានចលាចលសាធារណៈវិញគឺ ពាក់ព័ន្ធនឹងការចេញសេចក្ដីថ្លែងការណ៍របស់គណបក្ស NLD ដែលធ្វើការថ្កោលទោសដល់ការធ្វើរដ្ឋប្រហារ ១កុម្ភៈ និងអំពាវនាវឱ្យប្រជាពលរដ្ឋចេញមកធ្វើបាតុកម្មតាមដងផ្លូវ។
ដំណើរការប្រកាសសាលក្រមកាលពីថ្ងៃច័ន្ទកន្លងទៅ ធ្វើឡើងដោយមានការបិទជិត មិនឱ្យមានវត្តមានអ្នកសារព័ត៌មាននោះទេ។
យ៉ាងណាមិញ ក្រោយមក លោក មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) បានធ្វើការបន្ធូរបន្ថយទោសដល់ ឥស្សរជននយោបាយទាំងពីររូបឱ្យជាប់ទោសត្រឹមរយៈពេល ២ឆ្នាំ ហើយផ្លាស់ប្ដូរពីការឃុំខ្លួននៅពន្ធនាគារ ទៅជាការឃុំខ្លួននៅកន្លែងដែលអ្នកទាំងពីរកំពុងតែស្នាក់នៅ ដែលមានទីតាំងនៅរដ្ឋធានីណៃពិដោ។ នេះបើតាមការចុះផ្សាយរបស់អង្គភាពសារព័ត៌មានមីយ៉ាន់ម៉ា។
ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារមក អ្នកស្រី ស៊ូជី និងលោក វីន ម្យីន បានរងការចោទប្រកាន់យ៉ាងតិច ១០ករណី ចាប់តាំងពីបទល្មើសពុករលួយ រហូតដល់បទល្មើសនាំចូលវិទ្យុទាក់ទង (អាយកូម) ខុសច្បាប់ ដែលអាចប្រឈមមុខនឹងជាប់ទោសសរុបអាចដល់ ១០០ឆ្នាំឯណោះ។
ការជាប់ទោសរយៈពេល ៤ឆ្នាំ ក្រោយមកសល់ ២ឆ្នាំ ដែលបានរៀបរាប់ខាងលើនេះគឺ គ្រាន់តែការដាក់ទោសលើបទល្មើសចំនួន ២ប៉ុណ្ណោះ ដោយអ្នកស្រីនៅបន្តតតាំងក្ដីក្ដាំនូវបទល្មើសជាច្រើនទៀត។
បើយោងតាមស្ថិតិរបស់សមាគមជំនួយអ្នកទោសនយោបាយភូមា (AAPP) របបយោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនអ្នកប្រឆាំងរបស់ខ្លួនសរុបជិត ៨ពាន់នាក់ ដោយក្នុងនោះមានជាង ២ពាន់នាក់ ត្រូវបានចាប់ខ្លួនដោយមានដីកា។ គិតត្រឹមថ្ងៃទី៦ ខែធ្នូនេះ តុលាការដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធាបានដាក់ទោសដល់មនុស្ស ៣៥៧នាក់។ ការកាត់ទោសនេះរួមមាន ការដាក់ឱ្យជាប់ពន្ធនាគារ ហើយថែមទាំងទទួលទោសប្រហារជីវិតទៀតផង។
ចំណោមមនុស្ស ៣៥៧នាក់នោះក៏មានជំនិតរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាប់ទោស ២០ឆ្នាំ ហើយអតីតអភិបាលរដ្ឋម្នាក់មកពីគណបក្ស NLD ជាប់គុក ៧៥ឆ្នាំ។
បន្ទាប់ពីតុលាការពិសេសនៅរដ្ឋធានីណៃពិដោដាក់ទោសអ្នកស្រី ស៊ូជី អន្តរជាតិជាពិសេស ប្រទេសលោកខាងលិច បានចេញសេចក្ដីថ្លែងការណ៍សម្ដែងពីការមិនសប្បាយចិត្តចំពោះរឿងនេះ។
លោក អង់តូនី ប្លីងខិន រដ្ឋមន្ត្រីការបរទេសអាមេរិកបានចាត់ទុកការកាត់ទោសនេះ ជាការកាត់ទោស «មិនមានយុត្តិធម៌» ហើយអំពាវនាវឱ្យអាជ្ញាធរយោធា ដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី។
អ្នកស្រី លីហ្ស ត្រាស់ រដ្ឋមន្ត្រីការបរទេសអង់គ្លេសយល់ថា ការកាត់ទោសនេះនឹងបន្តឱ្យមីយ៉ាន់ម៉ាទាំងមូលបន្តនូវភាពច្របូកច្របល់។ ចំណែកឯអ្នកស្រី មីឈែល បាឆេឡេត ប្រធានឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចាត់ទុកដំណើរការកាត់ក្ដីនេះជា «ការកាត់ក្ដីក្លែងក្លាយ» ហើយជាការកាត់ក្ដីបែបនយោបាយ។
ងាកមកអ្នកនៅទីក្រុងប៉េកាំងឯណេះវិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) បានលើកឡើងក្នុងសន្និសីទកាសែតមួយថា៖ «យើងសង្ឃឹមដោយស្មោះថា គ្រប់ភាគី និងកងកម្លាំងទាំងអស់នៅមីយ៉ាន់ម៉ា នឹងគិតគូពីប្រយោជន៍ជាតិរបស់ខ្លួននៅរយៈពេលវែង ហើយដោះស្រាយភាពខុសគ្នារបស់ខ្លួន ក្រោមក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងក្របខ័ណ្ឌច្បាប់ ហើយបន្តលើកកម្ពស់អន្តរកាលប្រជាធិបតេយ្យដ៏ពិបាក ដែលមានភាពសមស្របនឹងស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ា៕