វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥៣១ប័ណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន១ភូមិ នៅស្រុកអូរជុំ

រតនគិរី ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ០១ភូមិ គឺភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ដែលមានចំនួន ៥៣១ប័ណ្ឌ ស្មើនឹង ២៧៩គ្រួសារ ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើពិធីប្រគល់ទទួល នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ។

លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី មានប្រសាសន៍ថា ការចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំនេះ មានប្រជាពលរដ្ឋចំនួន ២៧៩គ្រួសារ ផ្ទៃដីសរុប ៦៥៧.០៥ហិកតា មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥៣១ប័ណ្ណ ដែលក្នុងនោះរួមមាន៖ ដីលំនៅឋានចំនួន ២១៦វិញ្ញាបនបត្រ, ដីកសិកម្មចំនួន ៣១២វិញ្ញាបនបត្រ និងដីរដ្ឋមានចំនួន ០៣វិញ្ញាបនបត្រ ។

មានប្រសាសន៍ទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលប័ណ្ឌ នាឱកាសនេះ ឯកឧត្តម មួង ប៉ាង បានកោតសរសើរ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះ ដោយការទទួលខុសត្រូវ និងតម្លាភាព ។

ឯកឧត្ដមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្បាលដីដែលបងប្អូន បានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់ សម្រាប់ការប្រើប្រាស់ប័ណ្ណដី ដោយការដាក់ធានា ខ្ចីប្រាក់នៅធនាគារ ដើម្បីយកដើមទុនមកប្រើប្រាស់ សម្រាប់អាជីវកម្មផ្សេងៗ ក្នុងការ កែលម្អជីវភាពរស់នៅ។
ដូច្នេះការចុះបញ្ជី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែល នឹងជម្រុញការប្រើប្រាស់ដីធ្លីឲ្យអស់សក្ដានុពល ហើយកត្តានេះ ពិតជាបានបញ្ចប់ជម្លោះ និងវិវាទដីធ្លី ជាពិសេស ការកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយ ជម្រុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល ។

ឯកឧត្ដម មួង ប៉ាង បញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិ ដែលបងប្អូន ទទួល បាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាង ឲ្យទ្រព្យរបស់បងប្អូន ជាឯកសារតំណាងឲ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករ លើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរ ទៅ ឲ្យកូនចៅ។ អាស្រ័យហេតុនេះ សូមបងប្អូនរក្សាប័ណ្ណនេះ ឲ្យបានល្អប្រសើរ ។

ក្នុងឱកាសនេះឯកឧត្តម ក៏បានផ្ដាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្ដថែរក្សាសុខភាពឱ្យបានល្អ និងត្រូវបន្តរួមគ្នាការពារខ្លួនពីជំងឺកូវិដ-១៩ ដោយត្រូវអនុវត្តវិធានសុខាភិបាលអោយបានខ្ជាប់ខ្ជួន និងត្រូវការពារសុខភាពអោយបានល្អក្នុងរដូររងានេះផងដែរ ៕ ដោយ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner