អភិបាលខេត្តបាត់ដំបង បានណែនាំនិងជម្រុញឲ្យអាជ្ញាធរស្រុកនិងឃុំ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលបានរំលោភដីព្រៃលិចទឹកតំបន់៣ កាន់កាប់ខុសច្បាប់ ត្រូវបញ្ឈប់ការដាំដុះឆាប់ចេញសារភាពនិងប្រគល់ដីឲ្យរដ្ឋវិញជាបន្ទាន់
ក្នុងឱកាសចុះពិនិត្យមើលនូវចំណុចទីតាំងបង្គោលសម្គាល់អត្តសញ្ញាណដែនព្រៃលិចទឹក តំបន់៣ ចំណុចអ្នកតាទ្វារ ស្ថិតក្នុងភូមិសាស្ត្រ ភូមិអ្នកតាទ្វារ ឃុំឫស្សីក្រាំងនៃស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី០៧ខែធ្នូឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងទៅកាន់ លោកអភិបាលស្រុកមោងឫស្សីនិងលោកមេឃុំឫស្សីក្រាំងដែលបានចូលរួមនៅទីនោះ ដោយបានជម្រុញឲ្យអាជ្ញាធរមូលដ្ឋានខាងលើត្រូវចុះធ្វើការណែនាំនិងហាមឃាត់ជាដាច់ខាតឲ្យបញ្ឈប់នូវរាល់ការកាន់កាប់ដីព្រៃដោយខុសច្បាប់ និងមិនត្រូវបន្តធ្វើស្រែ នៅក្នុងតំបន់ហាមឃាត់ទាំងនោះទៀតទេ។ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ អាជ្ញាធរត្រូវតែណែនាំម្ចាស់ដីដែលកាន់កាប់ដោយខុសច្បាប់កន្លងមកនេះ ត្រូវជម្រុញឲ្យអ្នកទាំងនោះចេញមកសារភាពនិងផ្តិតមេដៃប្រគល់ដីរដ្ឋដែលខ្លួនកាន់កាប់ដោយការរុករានទន្ទ្រានបំផ្លាញព្រៃលិចទឹកកន្លងមកនេះ ប្រគល់មកឲ្យរដ្ឋជាបន្ទាន់…នោះបើពួកគាត់មិនចង់មានទោសទណ្ឌនិងឈានដល់ការចាប់ខ្លួនដាក់ពន្ធនាគារ។
នៅក្នុងដំណើរចុះពិនិត្យមើលចំណុចទីតាំង”បង្គោលលេខ១” ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើ ដែលជាទីតាំងកំណត់នូវដែនព្រៃលិចទឹកនៃតំបន់៣ របស់ ខេត្តបាត់ដំបង ជាមួយឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ និងជា ប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះធ្វើការពិនិត្យអង្កេត និងស្រាវជ្រាវពីការទន្រ្ទានដីព្រៃលិចទឹកទទួលបន្ទុកខេត្តបាត់ដំបង ដែលជាខេត្តជាប់និងតំបន់បឹងទន្លេសាបនិងវត្តមានអមដំណើរពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដោយបានដឹកនាំក្រុមការងារចម្រុះដើម្បីចុះពិនិត្យមើលទីតាំងចំណុចបង្គោលព្រព្រំតំបន់៣ “បង្គោលលេខ១”។ហើយដីព្រៃលិចទឹកទីនោះទទួលរងដោយការកាប់ទន្ទ្រានដីព្រៃ ដើម្បីកាន់កាប់ដោយខុសច្បាប់កន្លងមកនិងកំពុងតែដាំដំណាំស្រូវ។ ទីតាំងបង្គោលកំណត់តំបន់៣នេះ គឺស្ថិតនៅចំណុចអ្នកតាទ្វារ ភូមិអ្នកតាទ្វារ ឃុំឫស្សីក្រាំង ក្នុងស្រុកមោងឫស្សី និងជាបង្គោលទី១ របស់ខេត្តបាត់ដំបង។
ក្នុងការចុះទៅពិនិត្យនេះ ក៏មានវត្តមានឯកឧត្តម ឧត្តមសេនីយទោ សាត គឹមសាន ស្នងការខេត្តបាង់ដំបង ព្រមថ្នាក់ដឹកនាំនិងមន្ត្រីតាមបណ្តាមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ សូមបញ្ជាក់ថា៖នៅក្នុងកិច្ចប្រជុំមួយ របស់ក្រុមការងារនៅថ្នាក់ខេត្ត ដឹកនាំដោយឯកឧត្តមសុខ លូ អភិបាលខេត្ត បាត់ដំបង បានដឹកនាំកិច្ច ប្រជុំ ‘ ដោយបានណែនាំ និងកំណត់ដាក់ចេញ នូវគោលការណ៍ ក្នុងការអនុវត្ត អោយបានស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត នូវបទបញ្ជា ដ៏ខ្ពង់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលពាក់ព័ន្ធ ទៅនិង ការរំលោភរានទន្រ្ទាន កាន់កាប់ដីព្រៃលិចទឹក ក្នុងដោយខុសច្បាប់ នៅក្នុងតំបន់ ៣ នៃចំណុចជាបបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ខេត្ត ។ដោយបានដាក់ចេញនូវវិធានការ មួយចំនួនដូចខាងក្រោម ៖
១- ត្រូវដឹងកិច្ចការនេះ ត្រូអនុវត្តអោយបានហ្មត់ចត់ និងមិនដកថយ និងលើកលែងឡើយ ។
២- មិនឲ្យមានការតវ៉ាទៀតទេ អ្នកដែលបានកាន់កាប់ដីតំបន់៣ នៃព្រៃលិចទឹក គឺត្រូវតែដកហូតទាំងអស់។
៣- រដ្ឋ បាល ខេត្ត និងចេញលិខិត ជូនដំណឹង បដិសេធ រាល់ការ លក់ទិញ ជួល បញ្ចាំ ដីព្រៃលិច ទឹក ដែលមានអត្តសញ្ញាណកំណត់ថា៖ ជា”តំបន់ ៣”។
៤- បង្កេីតក្រុមការងារ ឲ្យធ្វើ បច្ចុប្បន្ន ភាព និង ធ្វើ អត្តសញ្ញាណកម្មដី មនុស្ស ដែល បានចូលទន្ទ្រានកាន់កាប់ដីព្រៃលិចទឹករបស់រដ្ឋ ដែលស្ថិតនៅក្នុងហាមឃាត់ “តំបន់៣”។
៥- ក្រុម ការងារ ថ្នាក់ខេត្តត្រូវខិតខំបន្តស្រាវជ្រាវ ជូនដំណឹង និងបញ្ជីសារភាព ពីអ្នក ទន្រ្ទានព្រៃលិចទឹក តំបន់ ៣ ដោយត្រូវធ្វើការ( ផ្ទៀងផ្ទាត់ ក្បាលដី និងមានចំនួនដីបុន្មាន? ។
៦- ត្រូវឃ្លាំមើល ដីដែលបានដកហូត ដើម្បីចៀសវាង ពីការចូលទន្ទ្រានកាន់កាប់ជាថ្មី ឡើងវិញដូចជា៖ភ្ជួរដី ព្រោះស្រូវដាំដុះថ្មី ជាដើម។គឺត្រូវរាយការណ៌ជាបន្ទាន់ និង ត្រូវឃាត់ខ្លួនជនល្មើសទាំងនោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ចំពោះស្រូវជិតប្រមូលផលគឺអនុញ្ញាតិ អោយច្រូត ។ហើយត្រូវហាមឃាត់ការធ្វើបន្ត។និង
៧- ត្រូវបន្តចុះធ្វើការ ស្រាវជ្រាវផ្សព្វផ្សាយដើម្បីដកហូតយកដីព្រៃលិចទឹកតំបន់៣ របស់រដ្ឋទាំងអស់នោះមករក្សាទុកជាទ្រព្យសម្បត្តិរដ្ឋ និងដាំដើមឫស្សីឬដើមឈើនៅតំបន់ដីព្រៃលិចទឺកទាំងអស់នោះ ឡើងវិញ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )