វេទិកាអន្តរជាតិស្ដីពីបញ្ញាសិប្បនិម្មិត និងការអប់រំ
អង្គការយូណេស្កូ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំវេទិកាអន្តរជាតិតាមវីដេអូ Conference ស្ដីពីបញ្ញាសិប្បនិម្មិត និងការអប់រំ ដើម្បីធានាបានថាបញ្ញាសិប្បនិម្មិតត្រូវបានប្រើប្រាស់ជាប្រយោជន៍រួមក្នុងវិស័យអប់រំ ដែលវេទិកានេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុងវេទិកានេះ។ ក្នុងឱកាសនៃការថ្លែងសន្ទរកថា ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសនៃការធ្វើកំណែទម្រង់ឌីជីថលក្នុងវិស័យអប់រំ។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមថា ការអនុវត្តយុទ្ធសាស្ត្រក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធឌីជីថល មិនត្រឹមតែផ្ដល់ការអប់រំប្រកបដោយសមធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងជំរុញឧស្សាហូបនីយកម្មជាតិផងដែរ។
កម្មវិធីក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ត្រីអប់រំបច្ចេកវិទ្យា អ្នកបង្កើតគោលនយោបាយជាន់ខ្ពស់ អ្នកជំនាញមកពីអង្គការអន្តរជាតិ តំណាងដៃគូវិស័យឯកជន អង្គការសង្គមស៊ីវិល អ្នកស្រាវជ្រាវ និងអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត។
សូមជម្រាបថា ប្រទេសកម្ពុជា បានអនុវត្តការអប់រំពីចម្ងាយ និងតាមបែបឌីជីថលគ្រប់កម្រិតសិក្សា ក្នុងអំឡុងនៃការរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ហើយប្តេជ្ញាបន្តពង្រឹងយុទ្ធសាស្ត្រនៃការអប់រំខាងលើជាបន្តទៀតក្នុងដំណាក់កាលនៃការបើកដំណើរការសាលារៀនឡើងវិញ៕ដោយ-រ៉ាវុធ