ជនសង្ស័យ៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងប្រើប្រាស់អាវុធខុសច្បាប់
ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសំណុំរឿងជនត្រូវចោទ៣នាក់ បន្ទាប់ពីសមត្ថកិច្ចខណ្ឌច្បារអំពៅបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងប្រើប្រាស់អាវុធខុសច្បាប់។
ជនត្រូវចោទទី១-ឈ្មោះ ស៊ឹម ចិត្រា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានដីកាចាប់ខ្លួនលេខ៥៩០ ដចន ចុះថ្ងៃទី ៣០.០៨.២០១៨ ចេញដោយលោក តុប ឈុនហេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។ ២-ឈ្មោះ អ៉ឹម សុវិចិត្រ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ៣-ឈ្មោះ ខាត់ ឧត្តម ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ។ អ្នកទាំង០៣នាក់ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមរំលឹកថា នៅថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ត្រង់ចំណុចភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទចាប់តាមដីកា និងជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងប្រើប្រាស់អាវុធខុសច្បាប់។ ក្នុងនោះ កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនដូចជា ៖ ម្សៅក្រាមពណ៌សថ្លា ១១ថង់តូច, អាវុធខ្លី០១ដើមម៉ាក កា៥៩ (K 59) លេខ ៧៦៧៦, បង់ចំនួន ០១ និងគ្រាប់ចំនួន០២គ្រាប់។
បច្ចុប្បន្ន ជនត្រូវចោទទាំង៣នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការ បើកការស៊ើបសួរនៅឡើយ៕ ឆៃហួត និងប៊ុនធី